(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន៥ស្រុកបន្ថែមទៀត ដែលពិធីបើកយុទ្ធនាការនេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋសូមអញ្ជើញមកទទួល ការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងគ្រួសារ និងសហគមន៍។

លោកបានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ច្រើនគួរឲ្យព្រួយបារម្ភ ទើបអាជ្ញាធរខេត្តបានរិះរកវិធីដោះស្រាយ កុំឲ្យជំងឺនេះឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ ក្នុងនោះបានធ្វើការស្នើសុំវ៉ាក់សាំងពីសម្ដេចតេជោ ហ៊ុន សែន ទើបសម្ដេចបានដាក់ចេញវិធានការ ផ្ដល់ថ្នាំវ៉ាក់សាំងឲ្យចាក់ជូនប្រជាពលរដ្ឋ ក្នុងកម្រិតថ្នាក់ជាតិតែម្តង ដោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានទទួលវ៉ាក់សាំង មុនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដ៏ទៃ។

លោកអភិបាលខេត្តបានបន្ថែមថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន៤ ស្រុក និងក្រុង១ គឺនៅក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកជើងព្រៃ, ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ បានទទួលវ៉ាក់សាំងដូសទី១។ ចំណែកដូសទី២ នឹងចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ។

លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តបានទទួលវ៉ាក់សាំងបន្ថែម សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥ស្រុកទៀត មានស្រុកកោះសូទិន, ស្រុកស្រីសន្ធរ, ស្រុកកងមាស, ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ដែលមានប្រជាពលរដ្ឋក្នុងរង្វង់ជិត៣០ម៉ឺននាក់ ដែលត្រូវមកចូលរួមចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៥ ខែកក្កដា នេះតទៅ តាមទីកន្លែង ដែលមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានបានរៀបចំ៕