(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសារាចរស្តីពីការប្រើប្រាស់ប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព និងការបណ្តុះបណ្តាលទាំងជំនាញថ្មី និងបន្ថែមដល់អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ សំដៅចូលរួមសម្រេចនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» និង «អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ទាំងអស់មានសមត្ថភាព ជំនាញ គុណវុឌ្ឍិ និងមានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពរបស់ខ្លួនបានគ្រប់ៗគ្នា ត្រឹមឆ្នាំ២០២៥»។

តាមសារាចរនេះបានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានមន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ មជ្ឈមណ្ឌលវាយ តម្លៃសមត្ថភាព មូលដ្ឋានអាជីវកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍដែលមានផ្តល់សេវាបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពលើជំនាញក្នុងវិស័យទេសចរណ៍ ព្រមទាំងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ជំរុញប្រើប្រាស់ប្រព័ន្ធ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ (www.tptd.org) ដូចខាងក្រោម៖

* មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវរៀបចំមន្រ្តីជំនាញដើម្បីសម្របសម្រួលលើការប្រើប្រាស់នៅក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

* គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍដែលមានផ្តល់សេវាបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព អាចប្រើប្រាស់ប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាមូលដ្ឋានសម្រាប់ធ្វើការបើកវគ្គបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពតាមប្រព័ន្ធអនឡាញរបស់ខ្លួន។

* មូលដ្ឋានអាជីវកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ត្រូវជំរុញការចុះឈ្មោះបុគ្គលិករបស់ខ្លួន ទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីឱ្យទទួលបានការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាព និងជំនាញឱ្យបានជាប្រចាំ ជាពិសេសអាចប្រើប្រាស់ប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាមូលដ្ឋានសម្រាប់ធ្វើការបើកវគ្គបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពតាមប្រព័ន្ធអនឡាញ ព្រមទាំងអាចប្រើប្រាស់ជាមធ្យោបាយមូលដ្ឋាន សម្រាប់ស្វែងរកកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយឱកាសការងាររបស់មូលដ្ឋានអាជីវកម្មរបស់ខ្លួន។

* អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ត្រូវធ្វើការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួន ក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឱ្យបានជាប្រចាំ ជាពិសេសនៅពេលមានការផ្លាស់ប្តូរ ឬអាចឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលខ្លួនបាន និងកំពុងបម្រើការងារធ្វើការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជំនួសឱ្យបាន ព្រមទាំងត្រូវអភិវឌ្ឍសមត្ថភាព និងចូលរួមវគ្គបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពតាមប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឱ្យបានជាប្រចាំ។

* ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបញ្ចូលទិន្នន័យទាក់ទងនឹងវគ្គបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពលើជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើររបស់ខ្លួនទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

* ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការជំរុញផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពលើប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឱ្យបានទូលំទូលាយ។

* ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយក្រុមការងារត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីធ្វើការប្រមូល និងបញ្ចូល ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធនឹងសមត្ថភាព និងជំនាញរបស់អ្នកបម្រើការងារ យុវជន សិស្ស និស្សិត និងសិក្ខាកាម របស់ខ្លួន។

សូមជម្រាបថា ភាគីពាក់ព័ន្ធទាំងអស់ អាចចូលប្រើប្រាស់នៅក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមរយៈតំណភ្ជាប់ https://www.tptd.org/kh/partner-registration ឬតាមរយៈស្គេន QR Code ខាងក្រោម៖