(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ១៩ និងការធ្វើចត្តាឡីស័ក នៅតាមបណ្តាកងឯកភាពមួយចំនួនក្នុងកងយោធពលខេមរភូមិន្ទ។

តាមសេចក្តីរាយការណ៍របស់គណៈគ្រប់គ្រងសាលា បច្ចុប្បន្ននេះនៅវិទ្យាស្ថានកងទ័ពជើងគោក មានយោធិនកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន ៦៩នាក់ និងយោធិនចំនួន ៣៦នាក់ កំពុងធ្វើចត្តាឡីស័ក។ ដោយឡែកនៅសាលានាយទាហានសកម្ម មានយោធិនចំនួន ៣១៧នាក់ កំពុងសម្រាកព្យាបាល និងយោធិនចំនួន ៤៨៤នាក់ កំពុងធ្វើចត្តាឡីស័ក។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវក្តីមោទនៈចំពោះពលិកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំកន្លែងព្យាបាលជំងឺកូវី១៩ កម្រិតស្រាលដោយខ្លួនឯង។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំសាលា ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការអនុញ្ញាតច្បាប់ដល់យោធិនគ្រប់រូប ធ្វើបានតែក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះ ដែលមេបញ្ជាការកងឯកភាពនីមួយៗ ត្រូវពិនិត្យ និងអនុញ្ញាតក្នុងរយៈពេលសមស្រប ហើយពេលត្រឡប់មកវិញក៏ត្រូវធ្វើចត្តាឡីស័កក្នុងកងឯកភាពរបស់ខ្លួនរយៈពេល២១ថ្ងៃជាកំណត់ផងដែរ។

បន្ថែមលើនេះ អគ្គមេបញ្ជាការក៏បានដាក់បទបញ្ជាឱ្យកងឯកភាពនីមួយៗ ត្រូវត្រួតពិនិត្យរាល់កម្លាំងចេញចូលឱ្យបានច្បាស់លាស់ ទាំងកម្លាំងចេញបេសកកម្មច្បាប់ ទាំងកម្លាំងទៅទិញសម្ភារៈ ម្ហូបអាហារជាដើម ដែលបញ្ហានេះត្រូវចាត់តាំងកម្លាំងនៅខាងក្រៅ និងខាងក្នុងឱ្យដាច់ពីគ្នា។

ទន្ទឹមនឹងនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ថ្នាក់ដឹកសាលា ត្រូវបង្កើនការអបរំការណែនាំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣កុំ និង៣ការពារ» ហើយសូមអនុវត្តចលនានេះឱ្យបានជាប់ជាប្រចាំនៅតាមកងឯកភាពនីមួយៗ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បាននាំយកសម្ភារៈ បរិក្ខារពេទ្យ និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងទទួលការព្យាបាល និងធ្វើចត្តាឡីស័កផងដែរ៕