(ភ្នំពេញ)៖ ស្ថានទូតខ្មែរនៅប្រទេសជប៉ុន បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនប្រភេទថ្មី ដែលមានឈ្មោះថា Delta ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា។
សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះ៖ «ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា បច្ចុប្បន្ននេះមានប្រទេសជាច្រើនក្នុងសកលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វីរុសថ្មី នេះជាប្រភេទងាយចម្លង និងបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺបើប្រៀបធៀបនឹងប្រភេទវីរុសកូវីដ-១៩ ដទៃទៀត»។
សេចក្តីជូនដំណឹងដដែលបន្តថា «អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន មេត្តាប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើដំណើរត្រឡប់ទៅប្រទេសវិញក្នុងអំឡុងពេលនេះប្រសិនបើពុំមានការចាំបាច់ព្រោះអាចមានហានិភ័យខ្ពស់អំឡុងពេលធ្វើដំណើរ»។
ស្ថានទូតក៏សំណូមពរពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន៕