(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខចំនួន២កន្លែង ដោយឃាត់ខ្លួនស្រ្តី២នាក់ និងបុរសម្នាក់ ព្រមទាំងសម្ភារមួយចំនួនទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា ករណីបង្ក្រាបលើកទី១ បានធ្វើឡើងនៅក្នុងផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនស្រី្តម្នាក់ឈ្មោះ ឡាយ គន្ធា អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខA3E0 ផ្លូវបេតុង ភូមិតានួន សង្កាត់កកាប ខណ្ឌពោធិសែនជ័យ។
សម្ភារដកហូតរួមមាន ក្រដាសកត់មួយចំនួនម៉ាស៊ីនគិតលេខចំនួន១ ម៉ាស៊ីនព្រីន១ ប្រាក់៨០.០០០រៀល ប្រាក់ដុល្លារ៦០ដុល្លារ និងទូរស័ព្ទ៤គ្រឿង។ ករណីទី២កម្លាំងនគរបាល បានឃាត់ខ្លួនបុរស និងស្រ្តី២នាក់ នៅចំណុចក្នុងផ្ទះគ្មានផ្លូវលំបេតុង ភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មេកន្ទុយលេខដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះទី១ ឈ្មោះ តាំង សុណា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវលំបេតុង ភូមិចុងថ្នល់ខាងលិចទី២មានឈ្មោះ គឹម យ៉ុង អាយុ៤៨ឆ្នាំ មុខរបរអ្នរត់ម៉ូតូឌុប ស្នាក់នៅផ្លូវលំបេតុង ភូមិចុងខ្នល់ខាងលិច។
សម្ភារដកហូតពីស្រ្តីមេកន្ទុយលេខរូបនេះ រួមមាន ក្រដាសកត់ចំនួន១បាច់ ម៉ាស៊ីនគិតលេខ១ ម៉ាស៊ីន អុកលេខ១ ប្រាក់ចំនួន៣៨.០០០រៀល និងទូរស័ព្ទ១គ្រឿង។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនឡើងតុលាការដើម្បីចាត់ការតាមច្បាប់៕