(ប៉ោយប៉ែត)៖ លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយ ប៉ែត បានសម្ដែងនូវការត្រេកអរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលបាននាំយកអំណោយជាស្បៀងអាហារ មួយចំនួនធំ ប្រគល់ជូនរដ្ឋបាលក្រុង ដើម្បីចាត់ចែងជួយប្រជាពលរដ្ឋ កំពុងជាប់ក្នុងតំបន់បិទខ្ទប់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។

លោក គាត ហ៊ុល បានលើកឡើងថា ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត លោកពិតជាមានក្ដីត្រេក អរ ព្រោះ អំណោយដែលផ្ដល់ជូនទាំងអស់នេះ គឺប្រជាពលរដ្ឋកំពុងត្រូវការជាចាំបាច់ដោយសារពួកគាត់ជាប់នៅតំបន់បិទខ្ទប់ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែត។

លោកអភិបាលក្រុង បានបញ្ជាក់បន្ថែមទៀតថា អំណោយទាំងអស់នេះ នឹងត្រូវចាត់ចែងបែងចែក ទៅដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់ៗ គ្នា។

ចំណែក ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានបញ្ជាក់ប្រាប់ លោកអភិបាលក្រុងប៉ោយប៉ែតថា បន្ទាប់ពីឃើញ ព័ត៌មានអំពីការបិទខ្ទប់នៅតំបន់ក្រុងបោយប៉ែត លោកនិង ភរិយាក៏បានសម្រេចចិត្តថា ផ្ដល់ជំនួយដើម្បីជួយដល់ប្រជាជន។ ដើម្បីអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ មិនអាចមានការជួបជុំច្រើនទើបឧកញ៉ា និងលោកស្រី ទ្រី ដាណា មិនអាចផ្ដល់ជូនដោយផ្ទាល់ដោយរៀបចំចែកជូនតាមមេ ភូមិនីមួយៗ ដែលមានការបិទខ្ទប់។

គួរបញ្ជាក់ដែរថា អំណោយដែលឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា ផ្ដល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែរួមមាន អង្ករ៥តោន មី២០ កេសធំ (ស្មើ នឹង ១២០ កេសតូច) ត្រីខ ២០ កេស (ស្មើនឹង២០០យួរ) និង ទឹកពិសារដបចំនួន ១០០កេសស។ លើសពីនេះ លោកឧកញ៉ា និង លោកស្រីក៏បានរៀបចំស្បៀងបន្ទាន់ ១០៥ គ្រួសារ ទៀតចែកជូនតាមមេភូមិ ដែលមានការបិទខ្ទប់ ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋ។ អំណោយទាំងនោះមានអង្ករ មី ត្រីខ ពងទា បន្លែ ទឹកបរិសុទ្ធ និងថវិកាមួយគ្រួសារចំនួន៥ម៉ឺនរៀល៕