(ភ្នំពេញ)៖ លោក ជាវ តាយ អភិបាលខេត្តកំពត កាលពីពេលថ្មីៗបានចេញលិខិតជូនដំណឹងទៅអភិបាលក្រុង-ស្រុក ទូទាំងខេត្តចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពនូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះ។ នេះបើយោងតាមលិខិតរបស់អភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ការចេញលិខិតរបស់រដ្ឋបាលខេត្តកំពត ផ្ញើទៅអភិបាលក្រុង ស្រុក ក្រោមឱវាទរបស់ខ្លួនបែបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្ញើលិខិតជម្រាបជូនទៅអភិបាលខេត្តទាំងអស់ ដែលមានផ្ទៃដីស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិទាំង ដោយបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅតែបន្តធ្វើការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។
បើតាមលិខិតរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីចូលរួមទប់ស្កាត់ និងបដិសេធចោលនូវអនុភាពនានា របស់ឯកសារខាងលើ រដ្ឋបាលខេត្តស្នើអភិបាលក្រុង-ស្រុក ត្រូវចាត់វិធានការមួយចំនួនដូចខាងក្រោម៖
ទី១៖ បដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ-សង្កាត់ បានចុះហត្ថលេខាបញ្ជាក់នាពេលកន្លងមក។
ទី២៖ សូមណែនាំទៅរដ្ឋបាលឃុំ-សង្កាត់ ឱ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៣៖ ផ្តល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ-សង្កាត់ ណាដែលនៅតែបន្តចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍ នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលក្រុង-ស្រុក។
សូមរំឭកថា សួងបរិស្ថាន ធ្លាប់បានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ នៅតាមបណ្ដាខេត្តនានាបានឡើយ និងស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះរដ្ឋមិនទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង៕