(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ មានករណីជនសង្ស័យចំនួន០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បន្ទាប់ពីជនរងគ្រោះ ត្រូវបានចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានដោយផ្ទាល់ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថា មានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានបើកការស៊ើបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់។
ជាលទ្ធផលសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង នៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង០៦៖៣០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀត ដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបាន ចំនួន៣គ្រឿង រួមមាន ម៉ាក Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ ដែលឃាត់ខ្លួនបាន), ម៉ាក Honda C125 ពណ៌ក្រហម ពាក់ស្លាកលេខ1IC-6209 (ជារបស់ជនសង្ស័យរត់ចោល) និងម៉ាក Honda C125 ពាក់ស្លាកលេខ ព្រៃវែង1R-9039 (សមត្ថកិច្ចក្តាប់បានថា ជាម៉ូតូរបស់ជនរងគ្រោះដែលត្រូវបានប្លន់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១)។
ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១៖ឈ្មោះ ចែម ខែមរិទ្ធ អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្ម នៅចំណុចផ្លូវជាតិលេខ៣) បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ ទេព ពេញ អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងវាយប្លន់) បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក០៥នាក់ទៀតគឺ ទី១៖ ឈ្មោះ ត្រេន, ទី២៖ ឈ្មោះ សំអន, ទី៣៖ ឈ្មោះ កាយ, ទី៤៖ ឈ្មោះ អារៈ និងទី៥៖ ឈ្មោះ ព្រលិត តែងតែធ្វើសកម្មភាព ពួនស្ទាក់វាយប្លន់ជនរងគ្រោះនៅកន្លែងស្ងាត់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមពួកគេធ្លាប់បានធ្វើសកម្មភាពវាយប្លន់នៅផ្លូវ៥១ ខេត្តទឹកដីខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៩ ធ្លាប់ធ្វើសកម្មភាព វាយប្លន់ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោយៗមកធ្វើសកម្មភាពវាយប្លន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយបានវាយប្លន់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ (កាយ) ជាអ្នកធាក់ទៅលើជនរងគ្រោះបណ្តាល ឲ្យដួលរួចជនរងគ្រោះបានរត់ទៅកន្លែងទិញអេតចាយក្បែរនោះ បន្ទាប់មកបក្ខពួកខ្លួនឈ្មោះ (រៈ) បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់រៀងៗខ្លួន។
រាល់ការចេញវាយប្លន់មួយលើកៗ គឺពួកគេតែងរត់គេចរួចដោយសុវត្ថិភាព ស្រាប់តែនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈពួកគេទៅអង្គុយផឹកស៊ីជុំគ្នាលេងនៅចំណុចដីវាលមួយកន្លែង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដល់ម៉ោងប្រហែល០៦៖៣០នាទីយប់ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូល បានមកដល់ធ្វើការដេញចាប់ពួកខ្លួន០២នាក់ រីឯបក្ខពួកជាច្រើននាក់ទៀតបានរត់គេចខ្លួនទាន់។
ជាមួយការបង្ក្រាបជនសង្ស័យទាំង០២នាក់នេះផងដែរ សមត្ថកិច្ចអាវុធហត្ថ បានប្រើឧបករណ៍តេសរហ័ស Rapit Test ពិនិត្យជនសង្ស័យ រកឃើញវិជ្ជមានកូវីត១៩ ម្នាក់ឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខានបន្ថែមដល់នីតិវិធី របស់សមត្ថកិច្ច។
បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានប្លន់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ម៉ាក Honda C125 (លេខតួ ND125M5727548 / លេខម៉ាស៊ីន ND125ME5727548) ត្រូវបានជនសង្ស័យយកទៅប្តូរពណ៌ ពីពណ៌ខ្មៅ មកជាពណ៌ខ្មៅលាយស។
រីឯម្ចាស់ម៉ូតូ អាវុធហត្ថមិនទាន់បានស្គាល់ និងទាក់ទងបាននៅឡើយទេ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណាស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕