(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនបានឲ្យដឹងថា តំណាងរាស្រ្ត៣រូបរបស់កម្ពុជា ក្នុងនោះមានទាំងភរិយារបស់លោកផងដែរ ត្រូវបានគេបោះឆ្នោត និងជ្រើសរើសឲ្យក្លាយជាប្រធាន និងសមាជិករបស់សហភាពអន្តរសភា (IPU)។ តំណាងរាស្រ្តទាំង៣រូបរបស់ប្រទេសកម្ពុជា រួមមាន៖ លោកស្រី ជូ ឡូងសូមូរ៉ា, លោក ហ៊ុន ម៉ានី, លោកស្រី ឡោ ខេង។
តាមរយៈតាម Facebook របស់ខ្លួននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ លោក សម រង្ស៊ី បានឲ្យដឹងថា «នៅក្នុងសន្និបាតទី១៣៤ នៃសហភាពអន្តរសភា (IPU) ដែលកំពុងតែប្រជុំនៅទីក្រុង Lusaka ប្រទេស Zambia ពីថ្ងៃទី១៩ ដល់២៤ មីនា ២០១៦ តំណាងរាស្ត្រមកពីប្រទេសកម្ពុជា គឺលោកស្រី ជូឡុង សូមួរ៉ា ត្រូវបានអង្គសន្និបាតតំណាងឲ្យ១៧០ប្រទេស បោះឆ្នោតថ្ងៃនេះ ឲ្យជាប់ជាប្រធានគណៈកម្មការ IPU ទទួលបន្ទុកអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម»។
ប្រធានគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ផងដែរថា ថ្មីៗនេះមានតំណាងរាស្ត្រខ្មែរ២ រូបទៀត ដែលបានជាប់ឆ្នោតជាថ្នាក់ដឹកនាំក្នុង IPU គឺ លោកស្រី ឡោ ខេង តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាសមាជិកា គណៈកម្មការ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាល វេទិកាតំណាងរាស្ត្រវ័យក្មេង៕