(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ការបង្កើនចន្លោះពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រវាងដូសទី១ និងដូសទី២ រយៈពេល២១ថ្ងៃ ថ្មីៗនេះ គឺធ្វើឡើងតាមអនុសាសន៍ថ្មីរបស់អង្គការសុខភាពពិភពលោក ហើយដើម្បីជួយឱ្យអង្គបដិបក្ខ ឬប្រព័ន្ធការពារខ្លួនកាន់តែរឹងមាំ។
ការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីប្រគល់ថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដទី៥លាន នៅខេត្ដឧត្ដរមានជ័យ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងសុខាភិបាលរូប ក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការទុកចន្លោះរយៈពេល ២សប្តាហ៍ រវាងការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ កន្លងទៅ មិនមានការខុសបច្ចេកទេសនោះទេ ដោយធ្វើឡើងទៅតាមការណែនាំរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងដែលបញ្ជាក់ឱ្យទុកចន្លោះនៃការចាក់វ៉ាក់សាំងពីប្រមាណ ១៤ថ្ងៃ ទៅ២៨ថ្ងៃ ព្រមទាំងជាការឆ្លើយតបចំពោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនៅតំបន់ក្រហម។
លោកស្រី បានពន្យល់ថា នៅពេលដែលមានវីរុសបំប្លែងថ្មី ហើយវ៉ាក់សាំងត្រូវបានទទួលស្គាល់ អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ថា ការចាក់របស់យើងកន្លងមកមិនមានអ្វីខុសទេ គឺត្រឹមត្រូវហើយ ប៉ុន្តែប្រសិនបើមានការពន្យារពេល១សប្តាហ៍បន្ថែមទៀត (២១ថ្ងៃ) ក៏រឹតតែធ្វើឱ្យអង្គបដិបក្ខ ឬប្រព័ន្ធការពារខ្លួនពីមេរោគកូវីដ១៩ កាន់តែរឹងមាំថែមមួយកម្រិតទៀត។
លោកស្រីបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែដោយរបកគំហើញថ្មីៗនេះ គេបានបង្ហាញច្បាស់ថា ប្រសិនបើយើងពន្យារពេលការចាក់នេះ១សប្តាហ៍ក្រោយទៀត (ការពិតទៅអនុសាសន៍នេះអត់ខុសគ្នាទេ ព្រោះកាលមុនគេឱ្យអនុសាសន៍ចន្លោះពី១៤ ទៅ២៨ថ្ងៃ យើងចាប់យើក១៤ថ្ងៃ) ប៉ុន្តែឥឡូវនេះ សម្រាប់ Sinopharm គឺមានការណែនាំថា ប្រសិនបើយើងពន្យារ១សប្តាហ៍ទៀត គេសង្កេតឃើញការបង្កើត និងការពង្រឹងអង្គបដិបក្ខនេះ កាន់តែមានភាពល្អប្រសើរ អញ្ចឹងហើយបានជាមានការគិតគូរឡើងវិញ អំពីគម្លាតនៃការចាក់នេះ»។
ជាមួយនឹងការកោតសរសើរចំពោះ អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយអនុញ្ញាតឱ្យបន្ថែមរយៈពេលនេះ លោកស្រីបានស្នើឱ្យសាធារណជនយល់ឱ្យច្បាស់អំពីការពន្យារពេលចាក់ដូសទី២នេះ ហើយកុំមានការព្រួយបារម្ភចំពោះការចាក់វ៉ាំក់សាំងចន្លោះ រយៈពេល២សប្តាហ៍កន្លងមក។ លោកស្រីក៏បានបញ្ជាក់ដែរថា កន្លងទៅ មិនមែនគ្រប់គ្នាសុទ្ធតែចាក់ក្នុងពេល២សប្តាហ៍ទេ ដោយអ្នកខ្លះចាក់លើសនេះ គឺចន្លោះពី១៤ថ្ងៃ ទៅ២៨ថ្ងៃតែម្តង។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចកែប្រែគម្លាតពេលវេលានៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាងដូសទី១ និងដូសទី២ ត្រូវមានរយៈពេល ២១ថ្ងៃ ឬ៣សប្តាហ៍។ ការផ្លាស់ប្តូរពេលវេលាចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២នេះ ធ្វើឡើងដោយមានចំណារឯកភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដោយយោងតាមរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងលិខិតនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំទៅប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យអនុវត្តន៍នូវគោលការណ៍ថ្មីនេះ។
គិតរហូតដល់ពេលនេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបជាង៥លាននាក់ហើយ ដែលស្មើប្រមាណ៥១.០៥% នៃផែនការចាក់វ៉ាក់សាំង១០លាននាក់៕