(ភ្នំពេញ)៖ ក្នុងគោលបំណងបន្តរំលេចនិងពង្រីក ឱ្យមហាជនបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កានិង ជោគជ័យកើតចេញមកពីនយោបាយវ៉ាក់សាំងដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ចេញផ្សាយនូវវីដេអូអប់រំ ផ្លូវការថ្មីមួយទៀត ដែលមានរយៈពេលជាង១៤នាទី ក្រោមចំណងជើងថា «ជោគជ័យនៃនយោបាយវ៉ាក់សាំង ឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល»។
នៅក្នុងវីដេអូផ្លូវការនេះបានរំលេចឲ្យឃើញនូវជោគជ័យ នៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលពិតជាមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាយើង។
ជាងនេះទៅទៀត វីដេអូផ្លូវការនេះ បានលើកឡើងនូវភស្តុតាងជាក់ស្តែង ជាច្រើនឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតអំពីសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង និងយ៉ាងរឹងមាំរបស់មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទៅលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។ ការគាំទ្រនិងការចូលរួមនេះនឹងបន្តស្ថិរស្ថេររយៈពេលយូរអង្វែងតទៅទៀតពីព្រោះវាជាការគាំទ្រ និងការចូលរួមដែលបង្កប់ដោយមោទនភាពជាតិក្នុងជម្រៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ។
វីដេអូក៏បានរំលេចឱ្យឃើញនូវលទ្ធផលនៃការចាក់វ៉ាក់សាំង គិតមកដល់ ខែកក្កដា ពលរដ្ឋកម្ពុជាជាង៥០%ហើយ ក្នុងចំណោមប្រជាពលរដ្ឋ គោលដៅ១០នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការរួចជាស្រេចថា នឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអោយសម្រេចបានតាមផែនការណ៍ដែលបានកំណត់។
ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៍បានគិតគូរជាស្រេចអំពីលទ្ធភាពចាក់ជូនកុមារដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម ហើយក៏កំពុងសិក្សា និងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនូវដុសទី៣ផងដែរ។
ដោយឈរលើមូលដ្ឋាននៃការគិតគូរគ្រប់ជ្រុងជ្រោយល្អិតល្អន់បែបនេះហើយដែលជាកត្តាគន្លឹះក្នុងការទទួលបាននូវការគាំទ្រ និងការចូលរួមដ៍សកម្មបំផុត ពីមហាជនគ្រប់ស្រទាប់៕
សូមទស្សនាវីដេអូ៖