(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ពុំមានចុះកិច្ចព្រមព្រៀងទទួលកម្ចីពីដៃគូបរទេសណាមួយឡើយ ខណៈការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីពីរដ្ឋក៏គ្មាននោះដែរ។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកកក្កដានេះ។
របាយការណ៍បញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ពុំមានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានទេ ទាំងហិរញ្ញប្បទានឥតសំណង, គម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងទាំងការខ្ចីឥណទាន។
របាយការណ៍ដដែលបន្តថា គិតពីឆ្នាំ១៩៩៣ ដល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជាបានចុះកិច្ចព្រមព្រៀង ពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់ ១៤ ៧៧២.៤លានដុល្លារ សម្រាប់បម្រើដល់វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំនួន ១២ ៣៥០.២លានដុល្លារ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតចំនួន ២ ៤២២.២លានដុល្លារ។
ក្នុងកិច្ចព្រមព្រៀងខ្ចីទាំង ១៤ ៧៧២.៤លានដុល្លារ ដកសាច់ប្រាក់បានចំនួន ៩ ៨៥៧.៤លានដុល្លារ ដោយទូទាត់សេវាបំណុលបានចំនួន ២ ២២៤.៤លានដុល្លារ និងសន្និធិបំណុលសាធារណៈ មានចំនួន ៨ ៩៨១.៣លានដុល្លារ។
របាយការណ៍ដដែលបញ្ជាក់ថា «ឥណទានដែលរាជរដ្ឋាភិបាល ចុះកិច្ចព្រមព្រៀងខ្ចីចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ សុទ្ធសឹងជាឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមលើសពី៣៥% ។ [....] គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២១ រាល់ហានិភ័យបំណុលពាក់ព័ន្ធទាំងអស់ សុទ្ធតែមានកម្រិតទាប និងអាចគ្រប់គ្រងបាន»។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ពុំមានការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីពីរដ្ឋនោះទេ។
សូមជម្រាបថា បើតាមរបាយការណ៍នៅឆ្នាំ២០២១នេះ កម្ពុជាគ្រោងនឹងចុះហត្ថលេខា ទទួលឥណទានសម្បទានពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគីចំនួន៣១គម្រោង ដែលមានទឹកប្រាក់ជាង ២ ៧៤៥លានដុល្លារ៕