(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងលើកទឹកចិត្តចំពោះសហរដ្ឋអាមេរិក ឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩។ ប្រមុខការទូតកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធានដោយ លោក សាឡឺមសាយ គុំម៉ាស៉ីថ (Saleumxay Kommasith) រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី ប្លីនខេន (Antony Blinken)រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកទឹកចិត្តចំពោះសហរដ្ឋអាមេរិក ឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ ស្របពេលដែលលោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ លោក បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់ គឺនឹងផ្តល់នូវផលប្រយោជន៍យ៉ាងពិសេសដល់ការកសាងសហគមន៍អាស៊ាន»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានផ្លាស់ប្តូរទស្សនពីសារសំខាន់នៃការពង្រឹងឡើងវិញនៃទំនាក់ទនងអាស៊ាន-ស.រ.អា កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទំាងក្នុងតំបន់ និងក្រៅតំបន់។
អាស៊ានបានអបអរសាទរចំពោះការតំាងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងឡើងវិញនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសនៅចំពោះមុខការប្រឈមពហុវិស័យនៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគីនិយមរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិក ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មីជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអរគុណ លោក អេនតូនី ប្លីនខេន ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាព អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក។
រដ្ឋមន្រ្តីការបរទេសទាំងអស់ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អា ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺនេះ ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស ព្រមទាំងការកសាងភាពរឹងមាំទប់ទល់នឹងវិបត្តិសុខាភិបាល នាពេលអនាគត។ អាស៊ានបានស្វាគមន៍ ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះគំនិត ផ្តួចផ្តើមជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
លោករដ្ឋមន្រ្តីការបរទេស អេនតូនី ប្លីនខេន បានរំលេចអំពីតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការគាំទ្រដល់តំបន់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកជាទឹកប្រាក់ចំនួន ១១២លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌជំនួយ សម្រាប់សង្រ្គោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់បណ្តាប្រទេសសមាជិកអាស៊ាន។
រដ្ឋមន្រ្តីការបរទេសទាំងអស់បានសម្តែងសុទិដ្ឋិនិយមថា ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ដែលបានឯកភាពរួច គឺដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា និងកិច្ចសហប្រតិបត្តិការ តាមរយៈយន្តការអនុតំបន់ រួមទាំងគំនិតផ្តួចផ្តើមមេគង្គ-ស.រ.អា នឹងនាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កា នៅក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមមានវិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្រួមគម្លាតអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខឆ្លងដែន។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលផ្តល់សារៈសំខាន់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា
ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលលោកគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោកបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនានា គួរត្រូវបានផ្តោតការយកចិត្តទុកដាក់ លើការពន្លឿនការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារ និងមានប្រសិទ្ធភាព ព្រមទាំងការអនុវត្តយ៉ាងពេញលេញនូវវិធានការណ៍ដែលបានឯកភាពគ្នារួច ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ប្រមុខការទូតកម្ពុជា ក៏បានលើកឡើងពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។ លោក បានគូសបញ្ជាក់អំពីការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានសម្រេចកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និងឆន្ទៈនយោបាយរបស់អាស៊ានក្នុងការគាំទ្រដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា៕