(ភ្នំពេញ)៖ លោកកុងស៊ុល SUSUMU Tai ស្ថានកុងស៊ុលកិត្តយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់ Tohoku ដែលមានការិយាល័យនៅទីក្រុង Sendai ប្រទេសជប៉ុន និង លោក SHOJI Yusunoki ប្រធានតំណាងឲ្យគម្រោង «TUX PROJECT» និងសមាជិកជាច្រើននាក់ទៀត បានផ្តល់គ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ត្រីខកំប៉ុង មីនិង សម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាច្រើនទៀត ជូនទៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សម្រាប់ចែកជូនបងប្អូនកម្ពុជានៅប្រទេសជប៉ុន ដែលឆ្លងជំងឺកូវីដ-១៩ និងកំពុងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩។
ការប្រគល់អំណោយទាំងនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។ កាលពីខែកក្កដា ឆ្នាំ២០២០ ក្រុមការងារ គម្រោង «TUX PROJECT» ក៏បានផ្តល់គ្រឿងឧបភោគបរិភោគជូនទៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន សម្រាប់ចែកជូនប្រជាជនខ្មែរដែលរស់នៅ ខេត្ត Kanagawa ប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ផងដែរថា គម្រោង «TUX PROJECT» បានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា IT មួយ ដែលមានឈ្មោះថា «TUX GLOBAL INSTITUTE» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលព័ត៌មានវិទ្យានៅរាជធានីភ្នំពេញ។ ទន្ទឹមហ្នឹងនេះ គម្រោង «TUX PROJECT» បានចូលរួមសកម្មភាពសង្គមផ្សេងៗ ដែលទាក់ទងទៅនឹងការគាំទ្រវិស័យអប់រំ ដូចជាការផ្តល់ជូននូវសម្ភារៈសិក្សាទៅ សាលាបឋមសិក្សានៅតាមជនបទដាច់ស្រយាល់ផងដែរ ។
គម្រោង «TUX PROJECT» ប្តេជ្ញាថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយប្រជាជនកម្ពុជា លើវិស័យផ្សេងៗឲ្យកាន់តែមានតម្លាភាព ក្នុងនាមទំនាក់ទំនងល្អ ប្រជាជនល្អ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន៕