(ភ្នំពេញ)៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២១នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤៨ ៨៥៣ ៤៥២ ៦០០ រៀល និង ៤ ៧១៧ ០៤០ ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ថវិកាទាំងនោះ រួមមានថវិកាបរិច្ចាគ ចំនួន ៨៦៩ ៧៩៩ ដុល្លារអាមេរិក ពីសប្បុរសជនដែលបានបរិច្ចាគផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប), ៤០ប៊ីលានរៀល ពីវិភាគទានប្រចាំឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល, ១ ០០០ ០០០ ដុល្លារអាមេរិក ពីវិភាគទានប្រចាំឆ្នាំលើកទី៤ ពីកាកបាទក្រហមកម្ពុជា, ១ ២០០ ០០០ ០០០ រៀល ពីការបរិច្ចាគប្រចាំឆ្នាំ២០២១ របស់ធនាគារអេស៊ីលីដា, ៨ ៩៦៤ ដុល្លារអាមេរិក ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ និងពីសប្បុរសជនសរុបចំនួន ៦២ ២៨៥ រូប ដែលរួមមានសមាជិកកិត្តិយស ៣៦រូប, សមាជិកគាំទ្រ ៤ ២៦៤ រូប និងសប្បុរសជនផ្សេងៗ ៧១៦រូប, ព្រមទាំងថវិកាដែលបានមកពីហិប មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមគោលដៅនានា ផងដែរ។
ស្របពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៤ ០១៨ ២៦០ ដុល្លារអាមេរិក និង ២០០ ០០០ ០០០រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ ឧបត្ថម្ភធន និងវិភាគទាន ដើម្បីធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ឲ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព ក្នុងការបន្តការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាល ជាពិសេសសុខភាពរបស់កុមារ និងទារកនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឲ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូរដូចជា ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរស័ព្ទ ០៦១ ៧០ ១១១១៕