Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលតាមចាប់ខ្លួន ចោរលួចទូរស័ព្ទ៣គ្រឿង របស់ជនជាតិចិន ស្នាក់នៅផ្ទះសំណាក់ «បឹងហ្គាឡូ»

22-03-2016 14:51

(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព លួចទូរស័ព្ទចំនួន៣គ្រឿង របស់ភ្ញៀវជនជាតិចិន ដែលស្នាក់នៅផ្ទះសំណាក់ «បឹងហ្គាឡូ» ស្ថិតនៅជិតវិមានឯករាជ្យ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាលការិយាល័យអន្តោប្រវេសន៍ ខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News ថា «នៅព្រឹកនេះ មានជនជាតិចិនម្នាក់ឈ្មោះ Zhao Zhiping ភេទប្រុស បានមកប្តឹងនៅការិយាល័យអន្តោប្រវេសន៍ថា មានករណីលួចយកទូរស័ព្ទចំនួន៣គ្រឿង ពីផ្ទះសំណាក់ «បឹងហ្គាឡូ» ជិតវិមានឯករាជ្យ កាលពីវេលាយប់ថ្ងៃទី២២ ខែមីនា ក្នុងនោះសម្ភារបាត់បង់មានទូរស័ព្ទចំនួន៣គ្រឿង គឺម៉ាក: IPhone5 ចំនួន១គ្រឿង និង IPhone6 ចំនួន២គ្រឿង»

ក្រោយការស្រាវជ្រាវ និងកំណត់មុខសញ្ញារួចមក ការិយាល័យអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ មុំ ថារិទ្ធ អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុមទី៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យរូបនេះ កំពុងសាកសួរនៅការិយាល័យអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕