(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកម្លាំងមានសមត្ថកិច្ចចម្រុះ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទូទៅតាមដងទន្លេសេសាន និងទន្លេស្រែពក លើតំបន់វារីអគ្គិសនីសេសានក្រោម២ ដើម្បីពិនិត្យមើលការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ លោក ម៉ុម សារឿន បានណែនាំដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋឱ្យបានដឹងច្បាស់អំពីច្បាប់នានា ដែលជាការល្មើសបំពាន និងការធ្វើនេសាទខុសច្បាប់។
នៅក្នុងឱកាសនោះ អភិបាលខេត្តបានជំរុញឱ្យមានការបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានទាន់ពេលវេលា ដើម្បីបង្ការ និងការពារនូវធនធានធម្មជាតិត្រីមេពូជកម្រៗ ជាច្រើនប្រភេទដែលមានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកក៏បានជំរុញដ៏ឱ្យមានអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋលក្ខណៈរដូវរស្សាបានមកដល់ ដែលអាចកើតមាននៅទឹកជំនន់ឱ្យមានមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ជាពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ប្រកបដោយអនាម័យ។
លោកអភិបាលខេត្តបានឧបត្ថម្ភបង្គោលផ្ទាំងសូឡា (ប្រើពន្លឺព្រះអាទិត្យ) ចំនួន២សម្រាប់ អង្ករ៣បាវ មី១០កេស ពងទា១៥០គ្រាប់ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា១លានរៀល ជូនដល់មន្រ្តីឆ្មាំអភិរក្សជលផលដែលមានស្នាក់ការប្រចាំការនៅទីនោះ៕