(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥។
កម្មពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ជាកិច្ចចាប់ផ្តើម លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិត គឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗពីគ្នា និងបានក្លាយជាក្ដីបារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនអឺណិត ឲ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងតម្រូវការទាំងនេះ កុមារក៏ត្រូវការទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ដែលជាផ្នែកមួយក្នុងការជំរុញការស្ដារនីតិសម្បទា កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទឲ្យមានភាពរលូន និងឆាប់ជាសះស្បើយទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោកស្រី Zoe De Mealo តំណាងប្រចាំប្រទេសរបស់អង្គការដែនដីមនុស្សហូឡង់ដ៍ ប្រចាំកម្ពុជា បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការការពារកុមារនៅជុំវិញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់អ៊ីនធឺណែត និងឧបករណ៍ព័ត៌មានវិទ្យា បានកើនឡើងយ៉ាងខ្លាំងដែលនាំមកនូវការកំណត់ ឬបែបបទថ្មីៗ នៃឱកាសបញ្ហាប្រឈម និងហានិភ័យដល់កុមារ។
លោកស្រីបានបន្ថែមថា ទោះបីជាបណ្ដាញសង្គមភាគច្រើន មិនទទួលយកប្រវត្តិរូបរបស់កុមារអាយុក្រោម១៣ឆ្នាំក៏ដោយ ក៏កុមារជាច្រើន ដែលមានអាយុក្រោមនេះ មានប្រវត្តិរូបផ្ទាល់ខ្លួន ហើយប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ លោកស្រីបញ្ជាក់ថា គេប៉ាន់ស្មានថា ប្រជាជនកម្ពុជា ប្រហែល១លាននាក់ ដែលមានអាយុក្រោម១៨ឆ្នាំ គឺជាអ្នកប្រើប្រាស់អ៊ីនអឺណែត។
នាឱកាសនោះ លោក ចាឡា អាប់ដែលរ៉ាហាប់ ប្រធានស្ដីទី អង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានឲ្យដឹងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាទម្រង់ថ្មីមួយនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារដែលសម្រ បសម្រួលដោយអ៊ីនអឺណែត តាមរយៈការប្រើប្រាស់គេហទំព័រ បណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីទូរស័ព្ទវៃឆ្លាត។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា នេះជាលើកទី២ហើយ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលសម្ដេចក្នុងនាមក្រសួងមហាផ្ទៃ បានចូលរួមជាប្រវត្តិសាស្រ្តជាមួយក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នៅក្នុងពិធីអបអរសាទរ និងប្រកាសដាក់ឲ្យប្រើប្រាស់នូវផែនការ ដែលបង្កើតឡើងដោយអន្តរក្រសួង។
សម្ដេចក្រឡាហោម បានបន្តថា ក្រោយពីកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែម នៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យា កម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារ នៅក្នុងជម្លោះប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋាន ទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយ ឲ្យកាន់តែល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញ ស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឲ្យសម្រេចកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ទទួលស្គាល់នូវការប្រែប្រួលឈានឡើងយ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានជំរុញឲ្យការវិភាជន៍ធនធានបន្ថែម ដល់វិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដែលក្នុងនោះការអភិវឌ្ឍកុមារ គឺជាអាទិភាពមួយ នៃការកសាង ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ជាតិ និងសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ២០១៦-២០៣០។ នេះជាអ្វីដែលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។
សូមរំលឹកថា ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្ត ដោយផ្សាភ្ជាប់នឹងផែនការយុទ្ធសាស្ដ្ររបស់ ក្រសួង ស្ថាប័នសាមី៕