(ព្រះវិហារ)៖ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅខេត្តព្រះវិហារ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង។
នៅព្រឹកនេះដែរ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត អមដំណើរដោយលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំរួច។
នៅក្នុងឱកាសនេះដែរ លោកស្រី ប៉ាង រ៉ាវី និងលោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការ» ពិសេសគឺត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភា ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា នៅព្រឹកនេះដែរ នៅតាមទីតាំងនានា ដែលបានកំណត់សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង បងប្អូនប្រជាពលរដ្ឋបាននាំគ្នាសម្រុកមកទទួលការ ចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ដែលករណីនេះបង្ហាញឲ្យឃើញពីការចូលរួមគាំទ្រចំពោះយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕