(កំពង់ធំ)៖ គណៈកម្មាធិការសហគមន៍កសិករ ប្រើប្រាស់ទឹកច្រកសណ្តាយ បានចេញមកបដិសេធនូវការចោទប្រកាន់ទាំងឡាយ ដែលថា ខាងសហគមន៍បានលក់អាងទឹក ទៅឲ្យឈ្មួញពោលសហគមន៍ បាន និងកំពុងបន្តគ្រប់គ្រង ដដែលរហូតមកដល់ពេលនេះ។
លោក ម៉ម វុទ្ធី ជាគណៈកម្មាធិការសហគមន៍កសិករ ប្រើប្រាស់ទឹកច្រកសណ្តាយ បានចេញមកឆ្លើយបំភ្លឺយ៉ាងដូច្នេះ បានធ្វើឡើងក្រោយពីមានព័ត៌មានថ្មីៗ បានចុះផ្សាយថា អាងទឹកចុងសារាយណ៍ ជាអាងទឹកសម្រាប់អភិរក្សទឹក ក្នុងការចែកជូនប្រជាពលរដ្ឋ ស្រោចស្របដំណាំស្រូវស្ថិតនៅក្នុងឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋ រាប់ពាន់គ្រួសារប្រើប្រាស់ ត្រូវបានគេឃុបឃិតគ្នា លួចលក់ថែមទាំងបាននាំយកគ្រឿងចក្រមកភ្ជួរ ក្នុងអាងទឹកយ៉ាងរំភើយ ដោយពុំមានការទប់ស្កាត់។
លោក ម៉ម វុទ្ធី បានរៀបរាប់ពីករណីនេះ ទៅអភិបាលខេត្តកំពង់ធំ យ៉ាងដូច្នេះថា «ដោយកន្លងមកមានការផ្សាយថា ខ្ញុំបាទបានលក់អាងទឹកឲ្យទៅឈ្មួញ ប៉ុន្ដែអាងទឹកនោះ ខ្ញុំមិនបានលក់ឲ្យទៅឈ្មួញណាឡើយ ហើយសហគមន៍យើងខ្ញុំ នៅតែគ្រប់គ្រង់ដ៏ដែល។ កន្លងមកមានក្រុមឈ្មួញ បានមកទិញដីស្រែប្រជាពលរដ្ឋ ហើយមិនទាន់ឲ្យលុយថ្លៃដី ដល់ប្រជាពលរដ្ឋអស់ រួចក្រុមឈ្មួញនោះ យកត្រាក់ទ័រទៅភ្ជូរដី តែប្រជាពលរដ្ឋមិនឲ្យភ្ជួរទេ ពីព្រោះមិនទាន់ឲ្យលុយអស់ ចាំឲ្យលុយអស់ សុំភ្ជួរចុះហើយម្យ៉ាងទៀត ក្រុមឈ្មួញនោះមានមហិច្ឆតា ចង់បានអាងទឹកនោះទៅគ្រប់គ្រង់ តែគណៈកម្មាធិការសហគមន៍មិនប្រគល់ឲ្យ ក្រោយមកសមាជិកសហគមន៍ និងគណៈកម្មាធិការ បានយកត្រាក់ទ័រទៅភ្ជួរដីក្នុងអាងទឹកសម្រាប់ធ្វើ នៅដើមរដូវខាងមុខនេះ ភ្ជួរទើបតែបាន៤ហិចតា ទៅ៥ហិចតាប៉ុណ្ណោះ ស្រាប់តែព្រះរាជអាជ្ញា និងសារព័ត៌មានចុះទៅឃាត់ ហើយដកសោពីតៃកុងអេសស្ការ និងអាប៊ុលដែលខូចហើយ ពុំមានសកម្មភាពអ្វីសោះ»។
លោកបានបន្តទៀតថា «ពេលនោះខ្ញុំបាទ ក៏សុំអន្តរាគមន៍ ពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តមក៏ជួយអន្តរាគមន៍ទៅតុលាការភ្លាម រំពេចនោះស្រាប់តែព្រះរាជអាជ្ញា និងអ្នកសារព័ត៌មានប្រគល់សោរឲ្យទៅម្ចាស់អេសស្ការវ៉ាទ័រវិញ ហើយពោលពាក្យថា ភ្ជួរឯណាភ្ជួរទៅ មិនមែនដីម៉ែអញទេ រួចក៏ត្រឡប់ទៅវិញបាត់ទៅ។ ក្រោយមកបានជំនាញជលផល និងមន្ទីរធនធានទឹកចុះទៅពិនិត្យមើលជាក់ស្ដែងថា មិនមានពាក់ព័ន្ធ និងព្រៃលិចទឹកទេ កន្លងមកព័ត៌មានបានផ្សព្វផ្សាយថា ខ្ញុំបាទឈូសឆាយព្រៃលិច នៅតំបន់នោះ តែផ្ទុយទៅវិញមានជនខិលខូច ផ្សព្វផ្សាយបំផ្លើសការពិតទាំងអស់»។
សមាជិកគណៈកម្មាធិការសហគមន៍ ប្រើប្រាស់ទឹករូបនេះ ក៏បានបញ្ជាក់ផងដែរថា ទំនាស់ដែលកើតមានឡើងនេះ បណ្ដាលមកពីក្រុមឈ្មួញមានមហិច្ចតា ចង់យកអាងទឹករបស់សហគមន៍ទៅគ្រប់គ្រង និងទិញដីមិនទាន់ឲ្យលុយម្ចាស់ដីអស់ រូចទៅភ្ជួរហើយម្ចាស់ដីមិនឲ្យភ្ជួរ។
កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា អាងទឹកចុងសារាយណ៍ ជាសម្បត្តិសាធារណៈរបស់រដ្ឋ មានការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួង ក្រោមការឧបត្ថម្ភថវិកាពីអង្កការ IFAD ( International Fund for Agricultural Development) ដែលមានទំហំ ១.០០០ ម៉ែត្រ x ១.០០០ម៉ែត្រ ដែលក្រសួងធនធានទឹក និងឧតុនិយម បានកសាងឡើងកាលពីឆ្នាំ ២០០៥ សម្រាប់ប្រើប្រាស់ស្រោចស្រព ជាង១០០០ហិចតា ថែមទាំង បង្កើតជាសហគមន៍កសិករប្រើប្រាស់ទឹកអាងនេះដោយ គ្មានជនណាម្នាក់មានសិទ្ធិលក់ដូរទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើយ៕