(អ៊ីស្លាម៉ាបាដ)៖ ការគំរាមការដាក់បង្កៃគ្រាប់បែកនៅឯអាកាសយានដ្ឋានអន្តរជាតិ Benazir Bhutto ត្រូវបាន អាជ្ញាធរប៉ាគីស្ថាន បញ្ជាក់នៅមុននេះបន្តិចថា ជារឿងក្លែងក្លាយនោះទេ ដោយយន្តហោះចំនួន ៥គ្រឿង និងទីតាំងសំខាន់ៗជាច្រើន ត្រូវបានឆែក ប៉ុន្តែរកមិនបានឃើញមានអ្វីដែលគួរឲ្យសង្ស័យនោះឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ មុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦។
ក្រោយពីការប្រកាសសុវត្ថិភាពបានតែប៉ុន្មាននាទីប៉ុណ្ណោះ យន្តហោះដែលមិនទាន់ធ្វើការចុះចតចំនួនពីរគ្រឿងនោះ បានធ្វើការចុះចតជាធម្មតាឡើងវិញ។ យ៉ាងណាក៏ដោយ កងកម្លាំងសន្តិសុខ និង មន្ត្រីជំនាញរបស់ប៉ាគីស្ថាន នៅតែបន្តតាមដានស្ថានការណ៍ទៅមុខទៀតដើម្បីធានាឲ្យបាននូវសន្តិសុខ។
គួរបញ្ជាក់ថា ការប្រកាសអាសន្នកម្រិតធ្ងន់ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋាននៃរដ្ឋធានី អ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណ បានអះអាងថាខ្លួនទូរស័ព្ទមកពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយក៏បានបញ្ជាក់ទៀតថា មានគ្រាប់បែកត្រូវបានដាក់បង្កៃក្នុងយន្តហោះចំនួនពីរគ្រឿង៕