(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីបានទទួលដំណឹងថា បងប្អូនជនមានពិការភាព នៃសមាគមន៍តន្ត្រីសំនៀងជនពិការ របស់លោក ចាប តូ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យចុះសួរសុខទុក្ខ និងនាំថវិកាផ្ទាល់ របស់លោករដ្ឋមន្ត្រី ទៅប្រគល់ជូនដល់ជនមានពិការភាពចំនួន ៥៧នាក់ ដែលក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ៣៧នាក់។

នៅក្នុងឱកាសចុះចែកអំណោយបន្ទាន់នោះ គឺមានថវិកាសរុបចំនួន ៥,៧០០,០០០រៀល ត្រូវបានប្រគល់ជូនដល់សមាជិកនៃសមាគមន៍ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០,០០០រៀល។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់លោករដ្ឋមន្ត្រី និងបានលើកទឹកចិត្តដល់បងប្អូនមានពិការភាព ដែលកំពុងមានវិជ្ជមានកូវីដ-១៩ ត្រូវបន្តទទួលការព្យាបាល ពិសាថ្នាំឱ្យបានទៀងពេលវេលា ហាត់ប្រាណ និងមិនត្រូវបាក់ទឹកចិត្តឡើយ។

លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សមាជិកនៃសមាគមន៍តន្ត្រីសំនៀងជនពិការ ដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវបន្តរក្សាអនាម័យ វិធានសុខាភិបាល ពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំនិង៣ការពារ ដើម្បីជៀសផុតពីការឆ្លងមេរោគដ៏កាចសាហាវនេះ ហើយត្រូវបន្តតាមដានសុខភាពជាប់ជាប្រចាំ។

ជាការឆ្លើយតបចំពោះទឹកចិត្តរបស់រដ្ឋមន្រ្តី វង សូត នាពេលនេះ លោក ចាប តូ ប្រធានសមាគមន៍សំនៀងជនពិការ បានគោរពថ្លែងអំណរគុណ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនមានពិការភាពគ្រប់ៗគ្នា។ លោក ចាប តូ បន្ថែមថា បងប្អូនជនមានពិការភាព នឹងព្យាយាមជំនះ និងយកឈ្នះជំងឺដ៏កាចសាហាវនេះ ឲ្យបាន ហើយមិនចុះចាញ់ជាដាច់ខាត។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យសមាជិក នៃសមាគមន៍តន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅនឹងកន្លែងសមាគមន៍តែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការជាមន្ទីសុខាភិបាល ដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាលដល់អ្នកមានវិជ្ជមានកូវីដ-១៩នៃសមាគមន៍នេះផងដែរ៕