(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានបញ្ជាទិញរថយន្តសម្អាត និងលាងធូលី-ដីតាមផ្លូវនេះចំនួន២គ្រឿង និងរថយន្តបាញ់លាងការ៉ឺឡា ចំនួន១គ្រឿងទៀត ខណៈថ្ងៃនេះ រថយន្តលាងសម្អាតធូលី-ដី បានមកដល់១គ្រឿងហើយ ដោយឡែករថយន្ត២គ្រឿងដែលនៅសល់ នឹងមកដល់គ្រប់ចំនួននាដើមខែក្រោយ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា រថយន្តបោស និងលាងសម្អាតនេះ នឹងជួយសម្អាតតាមដងផ្លូវរាជធានីភ្នំពេញ និងជួយលើកសម្រស់ទីក្រុងភ្នំពេញ ថែមទៀតផង។
លោក ប៉ា សុជាតិវង្ស បានសរសេរលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «ព្រឹកថ្ងៃទី២២ ខែមីនានេះ រថយន្តបោស និងលាងផ្លូវមួយគ្រឿងបានមកដល់ហើយ ដើម្បីសម្អាតធូលី-ដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញយើងបន្ថែមទៀត។ គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញយើង បានបញ្ជាទិញរថយន្តសម្អាត និងលាងធូលី-ដីតាមផ្លូវនេះចំនួន ២គ្រឿង និងរថយន្តបាញ់លាងការ៉ឺឡាចំនួន ១គ្រឿងទៀត ហើយនៅដើមខែក្រោយនឹងបញ្ជូនមកគ្រប់ទាំងអស់។ ប៉ុន្តែទោះជាមានរថយន្តលាងសម្អាតនេះក្តី ក៏នៅតែត្រូវការកិច្ចការចូលរួម ថែរក្សាសម្រស់រាជធានីភ្នំពេញយើង ពីសំណាក់បងប្អូនគ្រប់ៗរូប។ ម្នាក់ចេះទុកដាក់សំរាម១ ម្នាក់បានរើសសំរាម១ តើមានសំរាមមកពីណាទៀត បើយើងគ្រប់គ្នាចេះទុកដាក់ និងថែរក្សាបរិស្ថានយើងហើយនោះ? ដូច្នេះសូមចាប់ផ្តើមពីយើងម្នាក់ៗជាមុនសិន!!!»៕