(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក ឃៀង សុជីវ័ន្ត និងក្រុមការងារ តំណាងលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវត្រីខ ចំនួន៥០០កេសធំ និងមី ចំនួន១០០០កេសតូច សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ដែលតែងតែចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់ អាជ្ញាធរខេត្តពោធិ៍សាត់ នូវត្រីខ ចំនួន៥០០កេសធំ និងមី ចំនួន១០០០កេសតូច សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។

លោកបន្តថា ក្នុងស្ថានភាពដ៏លំបាកនេះ លោកឧកញ៉ាបានបន្តផ្តល់ការឧបត្ថម្ភ នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ របស់លោកឧកញ៉ា និងលោកជំទាវ ឧកញ៉ា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តពោធិ៍សាត់ ស្របតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវដល់ជនរួមជាតិ ចូលរួមទប់ស្កាត់ការ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា។

លោកសង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា និងលោកជំទាវ ឧកញ៉ា ព្រមទាំងបងប្អូនសប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕