(បន្ទាយមានជ័យ)៖​​ ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា​​-ថៃ​ បានរិះគន់ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ជាពិសេសលោក ហុង​ លៀង អនុប្រធានសាខា អនុញ្ញាតឲ្យលួចនាំចូលសត្វមាន់រស់ ងាប់ ជាពិសេសទំនិញប៉ះពាល់សុខភាព ចេញតាមបន្ទាត់ព្រំដែនកម្ពុជា​ យកមកចែកចាយ និងលក់បន្តទៅក្រុមអាជីវករ នៅក្នុងខេត្ត។ ប៉ុន្តែចំពោះ​ការចោទប្រកាន់ខាងលើនេះ ត្រូវបានលោក ហុង លៀង ឆ្លើយបដិសេធភ្លាមៗ ដោយបញ្ជាក់ថា លោកមិនដែលស្គាល់តើនរណា ជាអ្នកលួចនាំចូលទាំងនោះផង ហើយបទបញ្ជាពីថ្នាក់លើ គឺដាច់ខាតមិនឲ្យ​ធ្វើបែបនេះឡើយ។

លោក ម៉ា ​សុភាព ជាអ្នករកសីុម្នាក់​​រស់​នៅក្រុងប៉ោយប៉ែត ​និយាយថា ​ បច្ចុប្បន្ននេះ​គេ​សង្កេតឃើញថា ក្រុមមន្រ្តីកាំកុងត្រូលខ្លះ និងមន្រ្តីអាជ្ញាធរ សមត្ថកិច្ចមួយចំនួន នៅតែអនុញ្ញាត​ឲ្យ​មានការលួចនាំ​ចូល​សាច់មាន់​​ ប្រហិត ដែលបង្កឲ្យប៉ះពាល់​សុខ​ភាពពលរដ្ឋ​យ៉ាងខ្លាំង។ ជាមួយគ្នានេះ នៅ​ចំណុច​អូរបីជាន់​​ ស្រុកអូរជ្រៅ ក៏​​មានសត្វទា​រស់​​រាប់ម៉ឺនក្បាលក្នុងមួយថ្ងៃៗ​​ ​ក៏ត្រូវបានក្រុមមន្រ្តី​ទាំងនេះលួច​នាំចូល។

លោក ហុង លៀង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា យើង សូមបដិសេធចំពោះព័ត៌មានទាំងនេះ ហើយកម្លាំងយើង ឈរជើងនៅតែចំណុចអូរជ្រៅ ម្យ៉ាងយើងមិនទៅស្គាល់ឈ្មួញទាំងនោះទេ យើងស្តាប់បទបញ្ជាពីថ្នាក់លើទប់ស្កាត់ការងារ គឺដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ៕