(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី និងក្រុមហ៊ុន Lixin Group ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់មួយក្នុងខណ្ឌ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ ដើម្បីទុកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
លោកស្រីបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែងនិងបានថ្លែងនូវ ការកោតសសើរចំពោះការដឹកនាំ និងការគ្រប់គ្រងនៅក្នុងមូលដ្ឋានពោធិ៍សែនជ័យទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរឲ្យរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ក្នុងចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លងដែលកើតចេញ ពីព្រឹត្តិការណ៍ ២០កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។
លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល។
អំណោយដែលបានផ្តល់ជូន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យរួមមាន៖ ទឹកសុទ្ធ ៣០កេស, អង្ករ ២តោន, មី ២០កេសតូច, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីខ ៣កេស, ម៉ាស់ ៣កេសធំ, អាលកុល ២កាន, អាវពេទ្យ (ការពារកូវីដ) ២៥០អាវ និងថវិកាមួយចំនួន។
សង្កាត់មួយក្នុងខណ្ឌពោធិ៍សែនជ័យ រួមមាន៖ ទឹកសុទ្ធ ៥កេស, អង្ករ ១០០គីឡូក្រាម, មី ២០កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីខ ១កេស, ម៉ាស់ ១កេសធំ, អាលកុល ១កាន និងថវិកាមួយចំនួន។
សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យរួមមាន៖ ម៉ាស់ ១កេស, ត្រីខ ១កេស, អង្ករ ៥០គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, អាល់កុល ១កាន និងថវិកាមួយចំនួន ។ ចំណែកអំណោយមួយចំនួនទៀតរបស់សប្បុរសជន ក៏ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តស្វាយរៀង ប្រើប្រាស់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ផងដែរ៕