(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងជាអភិបាលខេត្ត និងសហការី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៤គ្រួសារ ស្ថិតនៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច។
ក្នុងឱកាសចែកអំណោយសង្គ្រោះបន្ទាន់ លោក វ៉ី សំណាង បានដាស់តឿនថា ប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងសម័យកាលកូវីដ-១៩ ទោះបីបានទទួលអំណោយនៅពេលនេះក្តី តែសូមមេត្តាកុំភ្លេចបីកុំ៖ កុំទៅកន្លែងបិទជិត, កុំប៉ះពាល់គ្នា, កុំទៅកន្លែងមនុស្សច្រើន ហើយក៏សូមមេត្តាកុំភ្លេច ៣កុំ ៣ការពារ, ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាត។
ប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ និងក្តីព្រួយបារម្ភ ចំពោះជីវភាពរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សម្ភារៈដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រីទឹកស៉ីអ៉ីវ ១ យួរ, ប្រេងឆារ ១ដប, នំធុង ១ធុង, និងថវិកា ២០.០០០រៀល៕