(តាកែវ)៖ អភិបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
លិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុក ប្រធានច្រកទាំង៣ មេបញ្ជាការវរព្រំដែនដូចខាងក្រោម៖
*ទី១៖ អភិបាលស្រុកជាប់ព្រំដែន៖
*ត្រូវពង្រឹងមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនច្រកផ្សេងៗទៀត ឱ្យបង្កើនការទទួលខុសត្រូវក្នុងការគ្រប់គ្រងការចេញ-ចូល ឆ្លងកាត់ព្រំដែន និងភូមិសាស្ត្រច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងសហការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការនានារបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
*ត្រូវបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប់ព្រំដែន នៃប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាដោយផ្អែកលើគោលការណ៍នានា ដែលបានឯកភាពគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមតំបន់ព្រំដែនបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ ការរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមតំបន់ព្រំដែននៃស្រុកនីមួយៗ ព្រមទាំងការលើកកម្ពស់សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរទំនិញកសិផល គ្រឿងឧបភោគបរិភោគ នៅតាមតំបន់ព្រំដែនសំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីវិបត្តិកូវីដ១៩។
*ទី២៖ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ មិនជាប់ព្រំដែន៖
*ត្រូវបង្កើនកិច្ចសហការគ្រប់គ្រងការចេញ-ចូលស្នាក់នៅរបស់ជនបរទេស នៅតាមមូលដ្ឋានរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក៏ដូចជាជនបរទេសដែលបំពានវិធានការរបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ ទន្ទឹមនេះត្រូវផ្សព្វផ្សាយអប់រំ បំផុសប្រជាពលរដ្ឋតាមឃុំ សង្កាត់ ភូមិនីមួយៗ ឱ្យចូលរួមក្នុងការងារខាងលើនេះឱ្យបានផុសផុលនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
*ត្រូវបង្កើនការស្រាវជ្រាវ រុករកអ្នកមានជំងឺកូវីដ១៩ និងយកចិត្តទុកដាក់ស្វែងរកអ្នកជាប់ពាក់ព័ន្ធជាពិសេសពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗឱ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
*ត្រូវអនុវត្តន៍នូវវិធានការនានាឱ្យបានតឹងរឹងបំផុត ក្នុងការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើការអប់រំផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវករ បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈការលាងដៃជាប្រចាំពាក់ម៉ាស និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ៕