(ព្រះវិហារ)៖ ស្ត្រីម្នាក់មានផ្ទុកជំងឺកូវីដ១៩ បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យជំនាញ។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ស្ត្រីដែលមានផ្ទុកជំងឺកូវីដ១៩ និងបានសម្រាលកូនដោយជោគជ័យនៅថ្ងៃនេះមានឈ្មោះ ឈៀង សុខហៀង ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានឱ្យដឹងទៀតថា ស្ត្រីរូបនេះត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នៅផ្សារស្រអែម ស្រុកជាំក្សាន្ត ប៉ុន្តែស្ត្រីរូបនេះមិនមានអការៈណាមួយគួរឱ្យកត់ សម្គាល់នោះទេ ដោយសារតែស្ត្រីរូបនេះមានផ្ទៃពោះជិតគ្រប់ខែផងនោះ ក្រុមការងារក៏បាននាំគាត់មកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក១៦ មករាតែម្តង។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបន្ថែមទៀតថា ស្ត្រីរូបនេះបានឈឺពោះឆ្លងទន្លេតាំងពីថ្ងៃម្សិលមិញម្លេះ ហើយការសម្រាលកូនរបស់គាត់នេះគឺជាការសម្រាល លើកទី១ទៀត ដែលនាំឱ្យមានបញ្ហាខ្លះៗ ប៉ុន្តែក្រោមការខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យជំនាញ ក៏បានធ្វើការសម្រាលកូនជូនស្ត្រីរូបនេះទទួលបានជោគជ័យ ដោយទទួលបានកូនស្ត្រីម្នាក់មានទម្ងន់ ៣.២គីឡូក្រាម។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បន្តមានការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ ពិសេសបន្តអនុវត្តន៍ ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពី ជំងឺកូវីដ.១៩៕