(ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញដល់ទីក្រុងសានយ៉ា ប្រទេសចិន ប្រកបដោយសុវត្ថិភាព នៅម៉ោងប្រមាណ ១១៖៣៧នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook សម្តេចបានបញ្ជាក់ថា នៅល្ងាចម៉ោង ១៨៖៣៥នាទីល្ងាចនេះ សម្តេចនឹងចូលរួមនៅក្នុងពិធីអាហារ ស្វាគមន៌ដែលរៀបចំដោយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang ហើយកម្មវិធីប្រជុំសំខាន់ៗ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា ក្រោមមូលបទ «ការចែករំលែកទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាល បណ្តាប្រទេសមេគង្គ និងចិន អនុម័តនូវឯកសារចំនួន៣រួមមាន៖
១-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២-សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣-គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
នៅថ្ងៃទី២៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គ របស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវសម្រាប់អាស៊ីក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី»៖ កម្លាំងចលកថ្មី ចក្ខុវិស័យថ្មី។
ក្រសួងការបរទេស ក៏បានឱ្យដឹងទៀតថា ក្រៅពីគ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាំរកា ឌីដ្វូរកូវីច ផងដែរ៕