(ភ្នំពេញ)៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យិុនទៀង បានប្រកាសថា នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ អង្គភាពរបស់លោក នឹងប្រកាសលទ្ធផល នៃខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាសំឡេងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមFacebook ហើយត្រូវបានសារព័ត៌មានយកមកចុះផ្សាយបន្ត។
នៅក្នុងសន្និសីទនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ស្តីពីការពិភាក្សាបណ្តឹងរបស់ក្រុមយុវជន និងនិស្សិតចំពោះលោក កឹម សុខានោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា នាយកដ្ឋានកោសល្យវិច័យរបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងប្រើរយ:ពេលមួយថ្ងៃ (នៅថ្ងៃស្អែកទី២៣ ខែមីនា) ដើម្បីសើុបអង្កេត ខ្សែអាត់សំឡេង ដើម្បីប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រូបនោះបានថ្លែងបញ្ជាក់ និងអះអាងថា ការផ្សព្វផ្សាយសម្លេងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អ្នកសារព័ត៌មានគ្មានទោសកំហុសនោះទេ ដោយសារសំឡេងទាំងនោះ ពួកគេទទួលបានពីប្រភពទី៣។
សូមជំរាបថា Facebook «រឿងពិត CNRP» រហូតដល់ពេលនេះបានបង្ហោះសារសំឡេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣៤ ក្នុងនោះមានសំឡេងមួយ ដែលធ្វើឱ្យគេសង្ស័យថា លោក កឹម សុខា យកលុយ៤០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕