(រតនគិរី)៖ យុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដទ្រង់ទ្រាយធំលើកទី១សម្រាប់ខេត្តរតនគិរី បានចាប់ដំណើរការហើយ ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ ក្នុងក្រុងបានលុងជិត ២ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនេះជាចំនួនដ៏ច្រើនមួយដែលពួកគាត់បានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំង នៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលរដ្ឋបាលខេត្តរតនគិរី បានរៀបចំចំនួន២ទីតាំង គឺនៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ និងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ លោក ថង សាវុន បានអញ្ជើញចុះពិនិត្យមើលនៅទីតាំងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលខេត្តរតនគិរី ទទួលបានពីរាជរដ្ឋាភិបាលជំហានទី១ គឺប្រភេទវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់មានចំនួន៧ម៉ឺនដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋបានចំនួន៣.៥០០០នាក់។
លោកថា រាជរដ្ឋាភិបាលនឹងផ្តល់ជូនជាបន្តបន្ទាប់ទៀត រហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋក្នុងខេត្ត ដែលត្រូវចាក់វ៉ាក់សាំងនេះ។ លោកបានចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ១៩នាពេលនេះ គឺជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ ដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលក្នុងសហគមន៍រួមផ្សំជាមួយនឹងវិធានការរបស់ក្រសួងសុខាភិបាល គឺ «៣ការពារ និង៣កុំ» ផងដែរ។
នៅក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណអាជ្ញាធរសង្កាត់ទាំង៤ ក៏ដូចជាអាជ្ញាធរក្រុងបានលុង ដែលបានចូលរួមការងារយ៉ាងសកម្ម ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តក្នុងការជួយសម្របសម្រួល បងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងនៅតាមមណ្ឌលនានា ប្រព្រឹត្តទៅដោយរលូននិងមានរបៀបរៀបរយបានល្អ។
លោកបានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យរួចផុតពីការគំរាមកំហែង នៃជំងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោក បាននិងកំពុងមានការគំរាមកំហែង និងមានមនុស្សស្លាប់ដោយសារតែជំងឺកាចសាហាវនេះជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នាដោយរក្សាគម្លាតឲ្យបានត្រឹមត្រូវ ជៀសវាងការប្រមូលផ្តុំគ្នាដែលជាហេតុនាំឲ្យមានហានិភ័យនៃការចម្លងតៗគ្នា៕