(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្តីពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់» តាមប្រព័ន្ធវីដេអូនអនឡាញ (Online) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២១។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោក Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិត អគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល និងសមាជិកគណៈកម្មការ (Steering Committee) ជាអនុរដ្ឋលេខាធិកា និងរដ្ឋលេខាធិការ មកពីបណ្តាក្រសួងស្ថាប័នមួយចំនួន សរុបប្រមាណជាង ៣០ នាក់។
គោលបំណងសំខាន់នៃកម្មវិធីទស្សនកិច្ចសិក្សា Online ថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍លើ៖
១៖ វិធីសាស្ត្ររដ្ឋាភិបាលទាំងមូល (Whole of Government Approach) ក្នុងការរៀបចំផែនការ និងអនុវត្តការងារអាទិភាពជាតិ។
២៖ យុទ្ធសាស្ត្រ និងកត្តាជំរុញក្នុងការលើកកម្ពស់នវានុវត្តន៍ក្នុងអភិបាលកិច្ច។
៣៖ ស្វែងយល់ពីតួនាទីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងស្ថាប័ន ក្នុងការគាំទ្រដល់កំណែទម្រង់រដ្ឋបាលសាធារណៈ។
កម្មវិធីទស្សនកិច្ចសិក្សា Online នេះ គឺចង់ផ្ដល់ឱ្យអ្នកចូលរួម បានស្វែងយល់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រចនិងប្រកាន់វិធានការសមស្របសម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមឲ្យមានវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាព។
សូមជម្រាបថា ការរៀបចំទស្សនកិច្ចសិក្សា Online នេះ គឺជាផ្នែកមួយនៃគម្រោងកសាងក្របខណ្ឌសមត្ថភាពថ្នាក់ដឹកនាំជាអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ក្រោមគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលបានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១នេះ៕