(បាត់ដំបង)៖ ដើម្បីចូលរួមសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីសប្តាហ៍កន្លងទៅ នៅព្រឹកនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី អនុប្រធានប្រធានកិត្តិយសសាខា លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងអ្នកពាក់ព័ន្ធ បានចុះជួបសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៥៣គ្រួសារ។
ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិទាំង ៥៣គ្រួសារ ដោយក្នុងនោះមានគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន១៨គ្រួសារ មកពីឃុំចំនួន៥ លើកភូមិចំនួន២០ភូមិ នៃស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ពិធីចុះសួសុខទុក្ខ និងចែកអំណោយនេះ បានធ្វើនៅបរិវេណសាលាស្រុករុក្ខគីរី ខេត្តបាត់ដំបង។
សូមរំលឹកថា កាលពីដើមកក្កដា កន្លងទៅខណៈពេលដែលកំពុងភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កន្ត្រាក់បក់គួច ធ្វើឱ្យប៉ះពាល់ផ្ទះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៥លើក ក្នុងស្រុករុក្ខគីរីរ គ្រោះសរុបចំនួន ១២៦គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ ១៨ខ្នងផ្ទះរងគ្រោះមធ្យម៣៥ខ្នងផ្ទះ រងគ្រោះស្រាលចំនួន ៧៣ខ្នងប៉ះពាល់លើភូមិចំនួន២៣ នៃឃុំចំនួន៥ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ទោះយ៉ាងណាគ្រោះធម្មជាតិនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
នាឱកាសនោះលោក អ៊ុយ រី និងលោកបណ្ឌិត ប៊ុត គឹមស៊ាន បានផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់លោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រមទាំង ការចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុដែលកើតឡើងដោយស្មានមិនដល់នេះ និងបង្កឱ្យមានការខូចខាត ដល់លំនៅដ្ឋានប្រជាពលរដ្ឋផងដែរ។
លោកបានបន្តថា ដោយការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នទ្វេរដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មីកូវីដ១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមតាមវិធានសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ទាំងអស់គ្នា។
ក្រៅពីនោះដោយសាររដូវនេះជារដូវវស្សា លោក អ៊ុយ រី ក៏បានក្រើនរំលឹកប្រជាពលរដ្ឋខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈីក និងជំងឺគ្រុនឈាមជាដើម ដោយមានទិស្លោកថា «ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មានគ្រុនឈាម» ជាដើម។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ ទឹកបរិសុទ្ធវីឃែរ ចំណុះ២០លីត្រ ១ធុង មុង១ ភួយ១ ក្រមា១ ម៉ាស១០បន្ទះ អាល់កុល១ដប និងថវិកាមួយចំនួន។ ដោយឡែកចំពោះអ្នកដែលរងការខូចខាតធ្ងន់ ១៨គ្រួសារ បន្ថែមសំពត់តងទំហ៊ុ ៣ម៉ែត្រ គុណ៤ម៉ែត្រ ចំនួន១ផងដែរ៕