(បន្ទាយមានជ័យ)៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពី១៨ឡើង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ បានជាង៣ម៉ឺននាក់ លើចំនួនមនុស្ស៥ម៉ឺនាក់ ពោលច្រើនជាងការគ្រោងទុក និងអាចបញ្ចប់មុនផែនការកំណត់រយៈពេល១៤ថ្ងៃទៀតផង។
លោក ហ៉ុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានដំណើរការយ៉ាងល្អ ដោយក្រុមគ្រូពេទ្យចំណុះយោធភូមិទី៥ ក្រោមការសម្របសម្រួលពីកងកម្លាំងទាំង៣ ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីអាជ្ញាធរ យុវជន ស.ស.យ.ក និងយុវជនចម្រុះប្រជាការពារមានជាង៩,០០០នាក់។
លោក ហ៉ុល រ៉ាយ៉ា បានថា៖ «គិតពីថ្ងៃចាក់ដំបូងដល់ថ្ងៃទី១១ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ បាន១៥,៨៩៧នាក់ និងថ្ងៃទី១២ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសិរីសោភ័ណបាន១៧,៣៩៤នាក់ សរុបជាង៣ម៉ឺននាក់ លើគម្រោងជាង៥៥,០០០នាក់។ នេះគឺក្នុងល្បឿនលឿនណាស់ មកពីក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានរលូនល្អ»។
អភិបាលក្រុងបានបញ្ជាក់ទៀតថា នៅថ្ងៃទី១២ ខែកក្កដា ក្រុមការងារបានបន្តទៅចាក់វ៉ាក់សាំងដល់សង្កាត់៣ទៀត រួមមាន៖ សង្កាត់ម្កាក់ សង្កាត់ភ្នៀត និងកោះពងសត្វ ហើយទីតាំងចាក់វ៉ាក់សាំងបានថែម២កន្លែងទៀត គឺនៅសង្កាត់ម្កាក់១កន្លែង ដែលប្រើរថយន្តចល័យយោធភូមិភាគទី៥ និងនៅសង្កាត់ភ្នៀត ដាក់នៅវត្ត និងសាលារៀន។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងក្នុងគម្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅផងដែរ៕