(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៥លាន ដែលទទួលការឧបត្ថម្ភនូវទឹកប្រាក់ ១០លានរៀល និងសម្ភារមួយចំនួនទៀតពីសម្តេចផងដែរ។
អ្នកចាក់វ៉ាក់សាំងទី៥លាននេះ បានទៅលើលោក ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះក្នុង Facebook ផ្លូវការ របស់សម្តេចយ៉ាងដូច្នេះថា «សូមអបអរសាទរ ចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។
សម្តេចក៏បានកោតសរសើរ ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជា ដែលមកដល់ពេលនេះ កម្ពុជាចាក់បាន៥០ភាគរយនៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕