(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ម្ចាស់ខ្សែអាត់សម្លេងដែលបែកធ្លាយលើសារព័ត៌មាន និង Facebook គឺពិតជាទទួលស្គាល់ថា សម្លេងរបស់ខ្លួនហើយ។
លោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅក្នុងសន្និសីទដើម្បីពិភាក្សាជុំវិញបណ្តឹងរបស់ក្រុមនិស្សិត ដែលបានដាក់ពាក្យប្តឹង លោក កឹម សុខា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា យោងតាមច្បាប់ព្រហ្មទណ្ឌ ភាគីដែលគេចោទប្រកាន់ (ផ្សព្វផ្សាយ) មានសិទ្ធិដើម្បីធ្វើការឆ្លើយតប ទៅនឹងអ្វីដែលគេបានចុះផ្សាយ និងចោទប្រកាន់ តែរហូតមកដល់ពេលនេះ ម្ចាស់សម្លេងនៅក្នុងខ្សែអាត់ មិនបានចេញមុខធ្វើការបកស្រាយនោះឡើយ ដូច្នេះមានន័យថា គាត់ទទួលស្គាល់ការពិតចំពោះសំលេងរបស់ខ្លួន។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា នៅពេលនេះនាយកដ្ឋានកោសល្យវិច័យ កំពុងធ្វើការស៊ើបអង្កេតខ្សែអាត់សំលេងហើយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រូបនោះបានថ្លែងបញ្ជាក់ និងអះអាងថា ការផ្សព្វផ្សាយសម្លេងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អ្នកសារព័ត៌មានគ្មានទោសកំហុសនោះទេ ដោយសារសម្លេងទាំងនោះ ពួកគេទទួលបានពីប្រភពទី៣។
សូមជំរាបថា Facebook «រឿងពិត CNRP» រហូតដល់ពេលនេះបានបង្ហោះសារសំឡេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣៤ ក្នុងនោះមានសំឡេងមួយ ដែលធ្វើឱ្យគេសង្ស័យថា លោក កឹម សុខា យកលុយ៤០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕