(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៦នាក់បន្ថែមទៀត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ ថ្ងៃដដែលនោះ ក៏មានអ្នកជំងឺចំនួន ១០៩នាក់ បានជាសះស្បើយ និងមានអ្នកជំងឺ១នាក់ បានស្លាប់បាត់បង់ជីវិត។
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺដែលទើបរកឃើញនេះ ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី, ករណីទី១៧ ដល់ទី១៩ ជាករណីមានប្រភពចម្លងចេញពីរាជធានីភ្នំពេញ និងករណីទី២០ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។
ករណីទី២១ ដល់ទី៣៤ ជាករណីមានប្រភពចម្លងចេញពីឈ្មោះ ថាំង វណ្ណា ពលករមកពីប្រទេសថៃ, ករណីទី៣៥ ដល់ទី៣៨ ជាករណីមានប្រភពចម្លងមកពីសង្កាត់ស្រង៉ែ, ករណីទី៣៩ ដល់ទី៥៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៥៦ ដល់ទី៨០ ជាករណីមានប្រភពចម្លងចេញពីផ្សារលើ។
ករណីទី៩១ ដល់ទី៩៨ ករណីមានប្រភពចម្លងចេញពីការដ្ឋាន Rose Apple Sqare, ករណីទី៨៩ ជាករណីមានប្រភពចម្លងចេញពីខេត្តកណ្ដាល, ករណីទី១០០ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងករណីទី១០១ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ សុខ ឃន។
ករណីទី១០២ ដល់ទី១០៦ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ដោយឡែកអ្នកជំងឺ១០៩នាក់ ដែលជាសះស្បើយ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ និត នាវ ភេទប្រុស អាយុ ៤៩ឆ្នាំ អាសយដ្ឋានភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អ្នកជំងឺរូបនេះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖០០នាទី និងបានស្លាប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២,៥៥៣នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៩២៧នាក់ ស្លាប់ ២៥នាក់ និង ១,៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕