(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទមួយ នៅអង្គភាពប្រឆាំងអំពើពុករលួយ, លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ និងអះអាងថា ការផ្សព្វផ្សាយសម្លេងរឿងអាស្រូវផ្លូវភេទ របស់លោក កឹម សុខា អ្នកសារព័ត៌មានគ្មានទោសកំហុសនោះទេ ដោយសារសម្លេងទាំងនោះ ពួកគេទទួលបានពីប្រភពទី៣។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា សម្លេងដែលបែកធ្លាយនៅបណ្តាញសង្គម សាម៉ីខ្លួនទទួលស្គាល់ការពិត ព្រោះយោងទៅតាមច្បាប់នៅពេល ប្រព័ន្ធផ្សព្វផ្សាយផ្សាយអំពីខ្លួននូវរឿងអាស្រូវ ហើយក្នុងរយៈពេល១សប្តាហ៍មិនចេញមកបំភ្លឺនោះ មានន័យថា សាម៉ីខ្លួនទទួលស្គាល់ថាជាសម្លេងពិតហើយ។
ការថ្លែងអះអាងរបស់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទមួយ ដើម្បីពិភាក្សាជុំវិញបណ្តឹង របស់ក្រុមនិស្សិត ដែលបានដាក់ពាក្យប្តឹង លោក កឹម សុខា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ។
នៅពេលនេះកិច្ចពិភាក្សាជុំវិញបណ្តឹងរបស់ក្រុមនិស្សិត ដែលបានដាក់ពាក្យប្តឹង លោក កឹម សុខា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ កំពុងដំណើរនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ៕