(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងបានព្យាបាលជាសះស្បើយចំនួន៨នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៤នាក់នេះ គឺចំនួន២នាក់រកឃើញនៅថ្ងៃទី១១ ជាប្រជាពលរដ្ឋនៅក្រុងព្រះវិហារ និងចំនួន២នាក់ទៀតរកឃើញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ជាប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ប្រសិនបើមានករណីសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។
រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ ចំនួន២៣២នាក់ បានព្យាបាលជាសះស្បើយចំនួន៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៤៨នាក់ទៀត និងស្លាប់បាត់បង់ជីវិត១នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖