អតីត CEO ក្រុមហ៊ុន Intel និងជាអ្នកធ្វើឲ្យ Intel ក្លាយជាក្រុមហ៊ុនផលិត Chip ធំជាងគេបំផុត បានទទួលមរណភាព
22-03-2016 10:07
(កាលីហ្វូញ៉ា)៖ លោក Andy Grove អតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតឈីប Intel បានទទួលមរណភាព នៅថ្ងៃចន្ទម្សិលមិញនេះ ក្នុងវ័យ៧៩ឆ្នាំ ដោយសារជំងឺមហារីក ប៉ុន្តែមិនត្រូវបានគេបញ្ជាក់ថា ជាជំងឺមហារីកអ្វីនោះទេ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា។
លោក Grove ត្រូវបានគេចាត់ទុកថា ជាបិតាស្ថាបនាក្រុមហ៊ុន Intel ដោយចាប់តាំងពីឆ្នាំ១៩៨០មក រូបលោកបានជំនះនូវឧបសគ្គជាច្រើន ដោយបានប្រែក្លាយក្រុមហ៊ុន Intel ឲ្យទៅជាក្រុមហ៊ុនផលិត Chip ធំជាងគេបំផុតនៅក្នុងពិភពលោក។
នាយកប្រតិបត្តិ Intel លោក Brian Krzanich បានថ្លែងឲ្យដឹងថា «យើងមានការសោកស្រាយជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពនេះ។ លោក Grove គឺជាវិរបុរសរបស់ Intel ហើយយើងនឹងចងចាំនូវទង្វើរបស់គាត់ទុកក្នុងដួងចិត្ត មិនអាចបំភ្លេចជារៀងរហូត។ សូមឲ្យវិញ្ញាណក្ខន្ធលោក Grove ទៅកាន់សុគតិភព»៕