(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ បានចុះអានុស្សារណៈយោគយល់គ្នា (MoU) ជាមួយ UNIVERSAL PEACE FEDERATION (UPF) ដើម្បីផ្សារភ្ជាប់រវាងការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តន៍ លើទិន្នភាពជាក់ស្តែងឲ្យកាន់តែស៊ីជម្រៅថែមទៀត ដោយពិធីនេះរៀបចំនៅសាកលវិទ្យាល័យ CUS សាខាស្ទឹងមានជ័យ។
លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាបានលើកឡើងថា ក្នុងបេសកកម្មអប់រំរយៈពេលជាង១៣ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្ម គាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនិស្សិតនៅថ្នាក់ឧត្តមសិក្សា។
លោក ស្តើង សុខុម បានបន្តថា ដោយឈរលើមូលដ្ឋាននេះ ការចុះអនុសារណៈយោគយល់ ថ្ងៃនេះដើម្បីគាំទ្របន្ថែមទៀត លើចំណុចសំខាន់ៗចំនួន១០គឺ៖ ១.ការអភិវឌ្ឍកម្មវិធីអប់រំ សិក្សា និងមុខជំនាញនៃស្ថាប័នទាំងពីរ, ២.ធ្វើការផ្លាស់ប្តូរកម្រិតក្រេឌីត នៃកម្មវិធីសិក្សានៃស្ថាប័នទាំងពីរ, ៣.ធ្វើការផ្លាសប្តូរទៅវិញទៅមកនូវនិស្សិត បញ្ចប់ថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រនៃស្ថាប័នទាំងពីរ, ៤.ធ្វើការផ្លាស់ប្តូរទៅវិញទៅមកនូវសាស្រ្តាចារ្យជំនាញ និងអ្នកសិក្សាស្រាវជ្រាវលើការស្រាវជ្រាវ ការបង្ហាត់បង្ហាញ និងការពិភាក្សា នៃស្ថាប័នទាំងពីរ, ៥.ធ្វើការផ្លាស់ប្តូរទៅវិញទៅមកនូវព័ត៌មានផ្សេងៗរាប់បញ្ចូលទាំងព័ត៌មានផ្នែកសម្ភារៈបណ្ណាល័យ និងការបោះពុម្ភស្រាវជ្រាវនៃស្ថាប័នទាំងពីរ, ៦.ធ្វើការសហការលើកម្មវិធីសន្និសិទ សិក្ខាសាលា និងវេទិការសិក្សាផ្សេងៗទៀតនៃស្ថាប័នទាំងពីរ, ៧.ធ្វើការសហការលើការងាររដ្ឋបាល កម្មវិធីមុខជំនាញ និស្សិតជំនាញ និងសកម្មភាពផ្សេងៗទៀត, ៨.ធ្វើការសហការ ក្នុងការប្រើប្រាស់សម្ភារៈសិក្សា សម្ភារៈសម្រួលការសិក្សា និងធនធានផ្សេងទៀត, ៩.ធ្វើការសហការលើការងារហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីបច្ចេកវិទ្យា ឧស្សាហកម្ម កសិកម្មដែលជាប្រយោជន៍ដល់សហគម ១០.និងធ្វើការសហការយោគយល់ លើសកម្មភាពផ្សេងៗទៀត។
លោក Hajime Saito , Regional Director of UPF-Indochina បានធ្វើបទបង្ហាញពីប្រវត្តិ នៃ UPF និងការរីក ចម្រើនរហូតដល់បច្ចុប្បន្ន។ ក្នុងខ្លឹមសារបទបង្ហាញ លោក Hajime Saito បានលើកឡើងថា ក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ កម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេស ដែលជាហេតុបង្កលក្ខណៈឲ្យយុវជន មានឱកាសសិក្សារៀនសូត្រគ្រប់កម្រិតសិក្សា និងមុខជំនាញឯកទេសផ្សេងៗ។
លោកបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ លើវិស័យអប់រំរបស់កម្ពុជានាពេលកន្លងមក និងទៅអនាគតក្នុងការកសាងធនធាន មនុស្សប្រកបដោយ គុណភាពដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារឧស្សាហកម្ម វាជាបេសកកម្មមួយដ៏ធំធេង និងជាមូលដ្ឋានគ្រឹះដ៏ចម្បង ដែលមិនអាចកាត់ផ្តាច់បាន ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យឈានជាជំហ៊ានៗ ទៅកាន់ការប្រគួតប្រជែងទីផ្សារការងារថ្នាក់តំបន់ និងក្នុងពិភពលោក។
ចុងក្រោយលោកក៍មានមោទនភាពជាមួយនឹង សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS ដែលសហការចុះ MoU ជាមួយ UPFក្នុងពេល នេះដើម្បីរួមគ្នាសម្រេចគោលដៅពង្រឹងគុណភាព អប់រំនៅឧត្តមសិក្សា៕