(ភ្នំពេញ)៖ តាមការអញ្ជើញរបស់ លោក Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិនៃ រ កម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍នៅ ក្នុងសន្និសីទពាក់ កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។
ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល» សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាស ដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហា ប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធិភាព។
សេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តោតលើមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានា តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី ពង្រឹងគុណតម្លៃនៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេច បានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជាចំពោះពហុភាគីនិយមសម្រាប់សន្តិភាព៕