(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបើកដំណើរការឡើងវិញចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង»។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យអាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ដ្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្ដអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
សូមជម្រាបថា ផ្សារបឹងកេងកង ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ជាលើកទី២ កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីរកឃើញមានអាជីវករវិជ្ជមានជំងឺកូវីដ១៩ជាបន្ដបន្ទាប់៕