(កំពត)៖ តាមរបាយការណ៍លទ្ធផលរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារចុះមូលដ្ឋាន បានដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាជុំវិញភូមិសាស្ត្រ ខេត្តកំពត បានជាង៥០០ករណី ហើយបញ្ហាដែលនៅសេសសល់តិចតួច កំពុងបន្តដោះស្រាយជូនប្រជាពលរដ្ឋថែមទៀត។
កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពតចាស់ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត។ កិច្ចប្រជុំ ក៏មានការចូលរួមពីលោក ជាវ តាយអភិបាលខេត្តកំពត និងបណ្ដាជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមាជិក សមាជិកានៃក្រុមការងារពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានថ្លែងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ បើទោះបីស្ថានភាព ស្ថិតក្នុងដំណាក់កាលឆ្លងរាតត្បាតជំងឺកូវីដ១៩ក្តី ក៏សមាជិក សមាជិកា ក្រុមការងារ គ្រប់ថ្នាក់ គ្រប់ផ្នែក និងរដ្ឋបាលខេត្តកំពត នៅតែបានបន្តចូលរួមយ៉ាងសកម្ម លើការងារដោះស្រាយ និងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបាននូវលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រក្សាការពារបាននូវសុខសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានយ៉ាងល្អប្រសើរ។
ក្រុមការងារចុះមូលដ្ឋានគ្រប់មុខសញ្ញាគោលដៅ បានជួបដោះស្រាយ និងស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពរ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំសង្កាត់តាមបណ្ដាក្រុង ស្រុក នីមួយៗ បានចំនួន១៧២លើក លើ៩៣ឃុំ សង្កាត់ ដោយប្រមូលបាននូវបញ្ហាសំណូមពរ ចំនួន ៥៧២ករណី ដោះស្រាយរួចរាល់ចំនួន ៥៤៩ករណី និងមិនទាន់បានដោះស្រាយមានចំនួន២៣ករណី។
ក្នុងកិច្ចប្រជុំតាមវីដេអូ Zoom លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារសម្រេចបាន របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលមានការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធផល។ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានលើកទឹកចិត្តដល់ក្រុមការងារ ឱ្យបន្តប្រើប្រាស់នូវកម្លាំងសរុប យន្តការសរុបរៀបចំផែនការ និងទិសដៅអនុវត្តបំពេញតួនាទីភារកិច្ច ដើម្បីអាចឆ្លើយតបបាន តាមសេចក្ដីត្រូវការ របស់ប្រជាជន និងឈានឆ្ពោះ ទៅសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងពង្រឹងការបម្រើសេវាសាធារណៈ ឲ្យបានកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅមូលដ្ឋាន៕