(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ អះអាងថា បច្ចុប្បន្ននេះ សាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងបានហើយ ខណៈអាជ្ញាធរគ្រោងអនុញ្ញាតឱ្យក្រុមគ្រួសារអ្នកស្លាប់ដោយកូវី១៩ អាចយកសពទៅបញ្ចុះ សាកសពសាច់ញាតិដោយខ្លួនឯង ប៉ុន្តែត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងនៅទីតាំងដែលមានការអនុញ្ញាត។ នេះបើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។
លោក កើត ឆែ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ នៅតែអាចគ្រប់គ្រងបាននូវការបូជាសពអ្នកជំងឺកូវីដ១៩នេះ។ លោកបានឱ្យដឹងទៀតថា នៅពេលនេះ សាកសពអ្នកដែលស្លាប់ដោយជំងឺកូវីដ១៩ នៅសល់ប្រមាណជា៥០សាកសពនៅក្នុងទូរក្លាសេស្សសព។ ប៉ុន្តែលោកថា ចំនួននេះបានធ្លាក់ចុះច្រើនហើយ ព្រោះកាលពីសប្តាហ៍មុន សាកសពមិនទាន់បូជានៅកកស្ទះប្រមាណជាង១០០សាកសពឯណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធររាជធានីភ្នំពេញ បានយកសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ទៅបូជានៅវត្តចំនួន៣ នៅក្នុងរាជធានីភ្នំពេញ គឺវត្តទឹកថ្លា វត្តឫស្ស៊ីសាញ់ និងវត្តមួយទៀតនៅខណ្ឌព្រែកព្នៅ។
បើតាមលោក កើត ឆែ បានគូសបញ្ជាក់ថា ការសម្រេចបូជាសពនៅក្នុងវត្តទាំង៣នេះ គឺដោយសារតែកន្លែងបូជាសពនៅក្នុងខេត្តកំពង់ស្ពឺ ពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងមានចង្ងាយឆ្ងាយពីរាជធានីភ្នំពេញ។ ខណៈនៅក្នុងសប្តាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនឹងទទួលបានម៉ាស៊ីនបូជាសពអេឡិចត្រូនិក២គ្រឿង ដែលបញ្ជាទិញពីក្រៅប្រទេស ហើយម៉ាស៊ីនទាំង២នេះនឹងបំពាក់នៅក្នុងវត្តដែលមិនសូវមានប្រជាជនរស់នៅអ៊ូអរ ដើម្បីបូជាសពឱ្យទាន់ទៅតាមស្ថានភាពជាក់ស្តែង។
អភិបាលរងរាជធានីភ្នំពេញរូបនេះ បានឱ្យដឹងថា ចំពោះការបញ្ចុះសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដឹកនាំកិច្ចប្រជុំនៅក្នុងសប្តាហ៍ ហើយនឹងជម្រាបជូនលក្ខខណ្ឌនៃការបញ្ចុះសាកសពដែលកើតជំងឺកូវីដ១៩នេះ ខណៈក្រសួងសុខាភិបាលបានសរសេរលក្ខខណ្ឌនេះបានមួយចំនួនហើយ តាមលក្ខណៈបច្ចេកទេសសុខាភិបាល ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំកិច្ចការងារបន្ថែមទៀត ដើម្បីបំពេញសហការជាមួយក្រសួងសុខាភិបាលធ្វើការងារឱ្យបានរលូនជាដើម។
លោក កើត ឆែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់បច្ចុប្បន្ននេះ យើងឈានទៅដល់ការគ្រប់គ្រងបានចំពោះសាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ ហើយទីតាំងឈាបនដ្ឋានមាននៅភ្នំពេញរួចហើយ យើងនឹងសុំទៅរាជរដ្ឋាភិបាលដើម្បីបំពាក់នៅរាជធានីភ្នំពេញបន្ថែមទៀត...! មានការណែនាំពីក្រសួងសុខាភិបាល បើមានការស្នើសុំពីក្រុមគ្រួសារ អនុញ្ញាតឱ្យមានការបញ្ចុះសពដែរ ប៉ុន្តែ ត្រូវតែអនុវត្តតាមវិធានការសុខាភិបាល ហើយកិច្ចការនេះ»។
«អភិបាលរាជធានីភ្នំពេញ នឹងធ្វើការដឹកនាំកិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ ដើម្បីសរសេរនីតិវិធីលម្អិតចំពោះសាកសពចំនួនដែលសាច់ញាតិគាត់ស្នើសុំបញ្ចុះត្រូវធ្វើយ៉ាងម៉េច? បាទយើងនឹងអនុញ្ញាតឱ្យគាត់បញ្ចុះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាត ឱ្យធ្វើការបញ្ចុះ ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល ដើម្បីធ្វើយ៉ាងណាឆ្លងជំងឺកូវីដ១៩»។ នេះបើតាម លោក កើត ឆែ។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់រាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមគ្រួសារយកសពអ្នកជំងឺកូវីដ១៩ ទៅបូជាដោយខ្លួនឯងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា ឯកភាពរួចរាល់ ប៉ុន្តែ ករុមគ្រួសារសពត្រូវគោរពតាមការណែនាំ និងវិធានការការពារផ្សេងៗ ដើម្បីចៀសវាងកុំមានការឆ្លងជំងឺកូវីដ១៩ ទៅកាន់អ្នកដទៃក្នុងពេលបូជា៕