Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីកសិកម្ម ស្នើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងអស់ ឱ្យផ្អាកការចេញចូលរាល់បុគ្គលិកជនជាតិវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

12-07-2021 16:31

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងអស់របស់វៀតណាម ឱ្យផ្អាករាល់ការចេញចូលកម្ពុជា ជាបណ្តោះអាសន្នចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងលិខិតរបស់ លោក វេង សាខុន ផ្ញើទៅកាន់ម្ចាស់ ឬតំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងអស់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើសុំ ឱ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺ Cov-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ»

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមអនឡាញនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ នៅតាមព្រំដែនប្រទេសវៀតណាម ដោយសារតែអានិកជនវៀតណាមមួយចំនួននៅតែបន្តឆ្លងដែនចេញ-ចូល ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យត្រួតពិនិត្យបន្ថែមនៅតាមខេត្តជាប់ព្រំដែនវៀតណាម បញ្ឈប់ឱ្យមានការឆ្លងចេញចូលរបស់ជនជាតិវៀតណាម។ សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ការឆ្លងចេញចូលរបស់ជនជាតិវៀតណាម ជាបញ្ហាគ្រោះថ្នាក់មួយនាំដល់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនផងដែរ។

ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងអត្រាមួយខ្ពស់ គឺឈានដល់ខ្ទង់ជាងពាន់នាក់។ ជាពិសេសនៅក្នុងទីក្រុងហូជីមិញ ដែលនាំឱ្យអាជ្ញាធរចាត់វិធានការបិទទីក្រុងនេះថែមទៀតផង។

ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់១,៩៥៣ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៩,៨៩២នាក់ (២៧,៨៩២នាក់ជាករណី ឆ្លងនៅក្នុងស្រុក និង ១,៩២៤នាក់ជាករណីនាំចូល) ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,២៧៥នាក់៕