(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
លោកបានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ មានចំនួន៤ក្រុងស្រុកដំបូង ដោយដំណើរការចាប់ពីថ្ងៃទី១២ ខែកក្តដានេះតទៅ ហើយស្រុក៥ទៀត ដែលនៅសល់នឹងត្រូវចាក់ក្នុងខែសីហាខាងមុខ។
លោកបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មការចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង តាមគោលការណ៍ស្ម័គ្រចិត្តក្នុងខេត្តកំពង់ធំឲ្យបានគ្រប់ៗគ្នា ទៅតាមផែនការដែលបានរៀបចំដោយរដ្ឋបាលខេត្ត ដោយជំហានទី១ គឺផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងស្រុងទាំង៤ខាងលើ ក្នុងរយៈពេល១៤ថ្ងៃ និងជំហានទី២ ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកទាំង៥ជាបន្តបន្ទាប់ទៀត។
លោក សុខ លូ បានបន្ថែមថា សម្រាប់បងប្អូនដែលទទួលបានវ៉ាក់សាំងហើយ មិនត្រូវមើលស្រាលជំងឺកូវីដ១៩នោះទេ ព្រោះវាអាចឆ្លងគ្រប់ពេលបើសិនជាយើងមានការធ្វេសប្រហែស ហើយយើងត្រូវតែបន្តចូលរួមអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ចូលសហគមន៍។
លោក សុខ លូ បានអំពាវនាវប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង នាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។
គួរបញ្ជាក់ថា ៤ក្រុងស្រុកដែលបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋមាន៣៧ទីតាំងក្នុងនោះ រួមមាន៖
*ទី១៖ ក្រុងស្ទឹងសែនមាន៦ទីតាំង (មណ្ឌលសុខភាពស្រយ៉ូវ, មណ្ឌលសុខភាពដំរីជាន់ខ្លា, មណ្ឌលសុខភាពអាចារ្យលាក់, មន្ទីរពេទ្យខេត្តកំពង់ធំ, អនុវិទ្យាល័យព្រែកស្បូវ, អនុវិទ្យាល័យកំពង់ក្របៅ
*ទី២៖ ស្រុកសន្ទុកមាន៩ ទីតាំង ( វិទ្យាល័យកំពង់ថ្ម, វត្តសុវណ្ណគីរី «ហៅវត្តកំពប់អំបិល», សាលាបឋមសិក្សាប្រាសាទ, សាលាបឋមសិក្សាដងក្តារ, មណ្ឌលសុខភាពតាំងក្រសាំង, អនុវិទ្យាល័យព្នៅ, មណ្ឌលសុខភាពទីពោ , វិទ្យាល័យភ្នំសន្ទុក និងអនុវិទ្យាល័យបញ្ញាជី)
*ទី៣៖ ស្រុកបារាយណ៍១៤ទីតាំង (មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក, សាលាបឋមសិក្សាគំរូស្រុក, ប៉ុស្តិ៍សុខភាពត្រពាំងជ្រៃ អនុវិទ្យាល័យបាក់ស្នា, អនុវិទ្យាល័យគគីរធំ, វិទ្យាល័យហ៊ុនសែនក្រវ៉ា, វត្តពណ្ណរាយ, សាលបឋមសិក្សាត្នោតជុំ, សាលាបឋមសិក្សាកងមាស, សាលាបឋមសិក្សាទួលដំណាក់, មណ្ឌលសុខភាពបឹង, អនុវិទ្យាល័យឈូកខ្សាច់ , មណ្ឌលសុខភាពបារាយណ៍ និងសាលាបឋមសិក្សាចតុលោក)។
*ទី៤៖ ស្រុកតាំងគោកមាន៨ទីតាំង (មណ្ឌលសុខភាពពង្រ, មណ្ឌលសុខភាពតាំងគោក, មណ្ឌលសុខភាពស្រះបន្ទាយ, មណ្ឌលសុខភាពប្រតោង, មណ្ឌលសុខភាពគ្រើល, មណ្ឌលសុខភាពស្រឡៅ, មណ្ឌលសុខភាពទ្រៀល , មណ្ឌលសុខភាពគោកត្របែក៕