(ភ្នំពេញ)៖ នារយ:ពេលចុងក្រោយនេះសកម្មភាពចុះចាប់រថយន្តអត់បង់ពន្ធ និងរថយន្តពាក់ស្លាកលេខក្លែងក្លាយ ក្នុងនោះមានទាំងរថយន្តពាក់ស្លាកលេខនគរបាលផងដែរ ពីសំណាក់ក្រុមមន្រ្តីគយ សហការជាមួយក្រុមអាវុធហត្ថ ស្រាប់តែថ្មីៗនេះ នាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឲ្យបញ្ឈប់សកម្មភាពចុះចាប់រថយន្តពាក់ស្លាកលេខនគរបាល ដែលបានចុះបញ្ជីជាអចលនទរព្យរបស់ក្រសួងមហាផ្ទៃ។
សំណើនេះត្រូវបាននាយឧត្តមសេនីយ៌ នេត សាវឿន បានដាក់ទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦កន្លងទៅ ហើយក៏ត្រូវបានសម្តេចក្រឡាហោម ចារឯកភាព នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ។
យោងតាមលិខិតសំណើរបស់នាយឧត្តមសេនីយ៌ អគ្គស្នងការនគរបាលជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះបានឲ្យដឹងថា «នៅចុងឆ្នាំ២០១៥កន្លងទៅ ក្រុមគយចល័តបានធ្វើប្រតិបត្តិការ ចាប់រថយន្តពាក់ស្លាកលេខនគរបាល ចំនួន៥គ្រឿង បង្ខំឲ្យបង់ពន្ធនាំចូលដែលធ្វើឲ្យមន្រ្តីនគរបាលមួយចំនួន ធ្វើការដេញដោលគ្នា និងបានលើកឡើងនូវមតិខុសគ្នាៗជាច្រើន»។
នាយឧត្តមសេនីយ៌ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការនគរបាលជាតិ បានសហការជាមួយ អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ដើម្បីណែនាំឲ្យមន្រ្តី ដែលមានស្លាកលេខនគរបាល ស្ម័គ្រចិត្តយកយានយន្តមកបំពេញចុះបញ្ជីសារពើភណ្ឌតម្កល់ជាទ្រព្យសម្បត្តិរបស់ក្រសួងមហាផ្ទៃ ដោយមាន បិទនិមិត្តរូបសញ្ញានគរបាលដែលបានបិទលើទ្វាររថយន្តទាំងសងខាង ដើម្បីធ្វើបញ្ជីផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារ ផ្តល់លតាប័ត្រពន្ធផ្លូវស្របតាម ការកំណត់។ ប៉ុន្តែទោះបានអនុវត្តបែបនេះក្តី នាពេលថ្មីៗនេះក្រុមគយចល័តបានបន្តចាប់រថយន្តជាបន្តបន្ទាប់ ដោយប្រើកម្លាំងអាវុធហត្ថព័ទ្ធរថយន្ត និងអូសរថយន្តយកទៅទុកនៅទីស្នាក់ការគយ ធ្វើឲ្យមានការចោមរោមពីសំណាក់ប្រជាពលរដ្ឋជាច្រើន ប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ និងគោលការណ៌ដឹកនាំរបស់ក្រសួងមហាផ្ទៃ»។
តាមរយ:លិខិតនេះ នាយឧត្តមសេនីយ៌ នេត សាវឿន បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ជម្រាបទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យផ្អាកសកម្មភាពចុះចាប់រថយន្តសិន រង់ចាំការពិភាក្សាដើម្បីរកដំណាយស្រាយលើបញ្ហានេះ៕