(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ និងចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់។
ការអំពាវនាវបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ម៉ែន វិបុល បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀងកន្លងទៅ គឺបានចាក់ជូនដល់មន្ត្រី-រាជការ ហើយបច្ចុប្បន្នកំពុងដំណើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី ចំនួន០៤ ស្រុក-ក្រុង រួមមានទី១៖ ក្រុងបាវិត, ទី២៖ ស្រុកកំពង់រោទិ៍, ទី៣៖ ស្រុករំដួល និងក្រុងស្វាយរៀង ទន្ទឹមនេះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ចំនួន០៤ស្រុក បន្ថែមទៀតរួមមាន៖ ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប និងចន្ទ្រាស្រុកចន្ទ្រា។
លោកបានបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា។ ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ទន្ទឹមនឹងនេះដែរ លោកបានគូសបញ្ជាក់ថា ការគិតគូរដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានផ្តល់វាក់សាំងដើម្បីជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀត នៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។
សូមជម្រាបជូនថា យុទ្ធនាការចាក់វ៉ាក់នៅក្នុងស្រុកស្វាយជ្រំចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមទីតាំងដែលបានរៀបចំ ចំនួន១៦ទីតាំង៕